(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ១៩ បានថ្លែងបញ្ជាក់ថា គិតត្រឹមរយៈពេល០២ថ្ងៃទី១-២ ខែមេសា ឆ្នាំ២០២១នេះ យុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ទូទាំងប្រទេសសរុប ប្រមាណជាង៥ម៉ឺននាក់។
ការថ្លែងបែបនេះលោកស្រី ឱ វណ្ណឌីន ក្នុងឱកាសអញ្ជើញចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូវ៉ាក់ ចំនួន៣ទីតាំង គឺនៅកោះពេជ្រ, ក្រសួងយុត្ដិធម៌ និងមន្ទីរពេទ្យបង្អែកដង្កោ នៅរសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១នេះ។
លោកស្រី ឱ វណ្ណឌីន បានថ្លែងបញ្ជាក់ថា «ការចាក់វ៉ាក់សាំងរបស់យើងមានដំណើរការល្អ បើធៀបនឹងការចាក់ពេលកន្លងទៅ គឺសន្ទុះលឿនជាងមុន ២-៣ដង។ នេះបង្ហាញឱ្យឃើញថា ល្បឿននៃការចាក់វ៉ាក់សំាងរបស់យើងពេលនេះ អាចរំពឹងថានឹងសម្រេចតាមផែនការដែលមានកំណត់។ ដោយរយៈពេល២ថ្ងៃ គឺយើងបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋជាង ៥ម៉ឺននាក់នៅទូទាំងប្រទេស ចំនួនអ្នកចាក់ ថ្ងៃទី១ បានជិត២ម៉ឺននាក់, ថ្ងៃទី២ បានជាង៣ម៉ឺននាក់។ ដូច្នេះថ្ងៃនេះ ខ្ញុំក៏រំពឹងថា នឹងបានកើនចំនួនអ្នកចាក់បន្ថែមទៀត។ ដែលជំហានយើងចាក់នេះ គឺសម្រាប់វ៉ាក់សាំង ស៊ីណូវ៉ាក់ប៉ុណ្ណោះ»។
លោកស្រី ឱ វណ្ណឌីន បានបន្ដថា ការដំណើរយ៉ាងល្អនេះ គឺមានការចូលរួមសស្រាក់ស្រស្រាំ សាមគ្គីភាពគ្នា ហើយក៏មានការជួយពីស្ថាប័ននានា ដែលទទួលបន្ទុក ដែលអនុវត្ដន៍តាមអនុសាសន៍ របស់ សម្ដេចតេជោ នាយករដ្ឋមន្ដ្រីកម្ពុជា នៅក្នុងការចាត់ចែងរៀបចំ ក៏ដូចជាគាំទ្រសម្ភារមួយចំនួន ដូចជាកុំព្យូទ័រ ដើម្បីមានលទ្ធភាពបញ្ជូលទិន្ន័យនៃអ្នកមកចាក់តាមប្រព័ន្ធ ដែលបង្កើនភាពងាយស្រួល និងលឿនរហ័ស។
លោកស្រីរដ្ឋលេខាធិការ បានថ្លែងបន្ដថា «ពេលនេះយើងកំពុងសិក្សាបន្ថែមទៀតនៅក្នុងលទ្ធភាព ពីព្រោះវ៉ាក់សាំងនឹងមកដល់ជាបណ្ដើរៗទៀត ចឹងនៅពេលដែលវ៉ាក់សាំងមកដល់បន្ដទៀត យើងអនុវត្ដកិច្ចការនេះ ដើម្បីបានចាក់ជូនប្រជាពលរដ្ឋយើងឱ្យបានកាន់តែច្រើន។ នៅក្នុងជំហាននេះ យើងអនុវត្ដទៅលើវ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន ១,៥លានដូស ដែលរាជរដ្ឋាភិបាលកម្ពុជា បញ្ជាទិញពីសាធារណៈរដ្ឋប្រជាមានិតចិន ដែលបានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១កន្លងទៅនេះ»។
សូមបញ្ជាក់ថា គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ (SINOVAC) នៅក្នុងក្របខណ្ឌទូទាំងប្រទេស លើជនគោលដៅប្រមាណ ៧៤៥,០០០នាក់។ ក្រុមជនដែលត្រូវចាក់វ៉ាក់សាំងស៊ីណូវ៉ាក់នេះរួមមាន៖
១៖ ក្រុមគ្រូពេទ្យ បុគ្គលិក និងមន្ត្រីសុខាភិបាលជួរមុខ (សេវារដ្ឋ និងសេវាសុខាភិបាលឯកជនស្របច្បាប់ និងដែលមានបញ្ជីឈ្មោះត្រឹមត្រូវ បានផ្ញើជូនគណៈកម្មការចំពោះកិច្ច ឬទៅមន្ទីរសុខាភិបាលរាជធានី-ខេត្តរួចហើយ) ទាំងថ្នាក់ជាតិ និងក្រោមជាតិ ដែលពុំទាន់បានចាក់ពីមុន
២៖ រដ្ឋសភា ព្រឹទ្ធសភា និងក្រុមគ្រួសារ ដែលមានបញ្ជីឈ្មោះផ្ញើជូនគណៈកម្មការចំពោះកិច្ចរួចហើយ
៣៖ អ្នកសារព័ត៌មានដែលពុំទាន់បានចាក់ពីមុន (ដែលមានបញ្ជីឈ្មោះត្រឹមត្រូវបានផ្ញើជូន គណៈកម្មការចំពោះកិច្ច តាមរយៈក្រសួងព័ត៌មាន ឬទៅមន្ទីរសុខាភិបាលរាជធានី-ខេត្តរួចហើយ)
៤៖ កងកម្លាំង និងមន្ត្រីមូលដ្ឋានគ្រប់លំដាប់ថ្នាក់ដែលពុំទាន់បានចាក់ពីមុននៅតាមរាជធាន-ខេត្ត (ចាំបាច់ត្រូវមានបញ្ជីឈ្មោះរៀបចំដោយអាជ្ញាធររាជធានី-ខេត្ត)
៥៖ មន្ត្រីរាជការស៊ីវិល រួមទាំងបុគ្គលិកកិច្ចសន្យាទាំងអស់នៅគ្រប់ក្រសួង ស្ថាប័ន នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិរួមទាំងសាស្ត្រាចារ្យ-គ្រូបង្រៀននៅតាមគ្រឹះស្ថានបណ្តុះបណ្តាលនានាទូទាំងប្រទេស (ដែលបានធ្វើសម្រង់បញ្ជីឈ្មោះដោយក្រសួងអប់រំ យុវជន និងកីឡាដោយបានផ្ញើជូនគណៈកម្មការចំពោះកិច្ចរួចហើយ)
៦៖ មន្ត្រី-បុគ្គលិកបម្រើការនៃអគ្គិសនីកម្ពុជាទូទាំងប្រទេស នៃអាជ្ញាធរជាតិទាំងអស់ នៃគណៈមេធាវី នៃសាលាក្តីខ្មែរក្រហម នៃលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងក្រុមហ៊ុនអាកាសចរនានា ដែលបានផ្ញើបញ្ជីឈ្មោះជូនគណៈកម្មការចំពោះកិច្ចរួចហើយ
៧៖ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប កាណាឌីយ៉ាគ្រុប ដែលបានផ្ញើបញ្ជីឈ្មោះជូនគណៈកម្មការចំពោះកិច្ចរួចហើយ
៨៖ កម្មករ-កម្មការិនីនៅតាមរោងចក្រមួយចំនួន (ទៅតាមវេន) ដែលសម្របសម្រួលរៀបចំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានផ្ញើជូនគណៈកម្មការចំពោះកិច្ច។
តាមការបញ្ជាក់របស់លោកស្រី ឱ វណ្ណឌីន កន្លងមកនេះ ដើម្បីពន្លឿនការចាក់វ៉ាក់សាំងនេះ គណៈកម្មការចំពោះកិច្ច បានពង្រីកទីតាំងចាក់វ៉ាក់សាំង ដោយបានធ្វើឡើងនៅទីតាំងស្ថាប័នជាតិ និងក្រសួងស្ថាប័ននានាផ្ទាល់តែម្តង គឺទីតាំងសម្រាប់ចាក់វ៉ាក់សាំងនេះពី ១០៩កន្លែង ទៅ ២៥០កន្លែង សម្រាប់នៅរាជធានីភ្នំពេញ ទីតំាងចាក់វ៉ាក់សាំងមានចំនួន ៤៨កន្លែង។ សម្រាប់ការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់នេះ នឹងធ្វើឡើងសម្រាប់បុគ្គលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ដោយមិនកំណត់ត្រឹម ៥៩ឆ្នាំនោះទេ។
លោកស្រី ឱ វណ្ណឌីន បានគូសបញ្ជាក់ផងដែរថា វ៉ាក់សាំងកូវីដ១៩ ជាឧបករណ៍ថ្មីមួយបន្ថែមទៀតលើវិធានការសុខាភិបាលដែលមានស្រាប់ សម្រាប់ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ និងសង្គ្រោះជីវិតមនុស្ស ដោយជួយបុគ្គលមិនឱ្យឈឺធ្ងន់នៅពេលឆ្លងជំងឺកូវីដ១៩ និងកាត់បន្ថយការព្យាបាលនៅមន្ទីរពេទ្យ៕