(សៀមរាប)៖ នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៦នេះ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានបើកសម្ភោធដាក់ឲ្យប្រើប្រាស់ អគារមជ្ឈមណ្ឌលផ្ដល់ឈាម ជាអំណោយរបស់ រដ្ឋាភិបាល និងប្រជាពលរដ្ឋអាមេរិក ដែលចំណាយថវិការសាងសង់ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រអស់ជិត ៧៥ម៉ឺនដុល្លារអាមេរិក។ ពិធីនេះស្ថិតក្នុងអធិបតីភាពរបស់លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោកស្រី Julie Chung អគ្គរដ្ឋទូតរងសហរដ្ឋអាមេរិកប្រចាំកម្ពុជា និងលោកវរៈសេនីយទោ Joel Buenatlor នាយការិយាល័យកិច្ចសហប្រតិបត្តិការ យោធាអាមេរិកប្រចាំកម្ពុជា ព្រមទាំងវត្តមានអស់លោក លោកស្រី នាងកញ្ញា ជាមន្ត្រីរាជការ អង្គភាព ស្ថាប័នពាក់ព័ន្ធ ភ្ញៀវជាតិ អន្តរជាតិ ដៃគូរអភិវឌ្ឍន៍ សិស្សានុសិស្ស យុវជន និងបងប្អូនប្រជាពលរដ្ឋប្រមាណ នាក់ ។
លោក ក្រុស សារ៉ាត់ ប្រធានមន្ត្រីសុខាភិបាលខេត្តសៀមរាប បានរាយការណ៍ឲ្យដឹងថា ៖ ក្រោមការដឹកនាំពីក្រសួងសុខាភិបាល មន្ទីរសុខាភិបាលខេត្តសៀមរាប បច្ចុប្បន្នមាន មន្ទីរពេទ្យបង្អែកខេត្តចំនួន១, ស្រុកប្រតិបត្តិ៤, មន្ទីរពេទ្យបង្អែកស្រុក៤,មណ្ឌលសុខភាព ៨៩, និងប៉ុស្តិ៍សុខភាពចំនួន៣ ដែលមានគ្រែអ្នកជម្ងឺសរុបចំនួន ៥៨១គ្រែ និងមានបុគ្គលិកសរុប ៨៩៦នាក់ (ស្ដ្រី ៤៩៣នាក់)។ ហើយក្នុងឆ្នាំ២០១៥នេះ យើងបានទទួលអ្នកជម្ងឺកើនឡើងដល់ ១៨.៦២៥នាក់ ក្នុងនោះ ១០ ទៅ ១៥ភាគរយគឺមកពីបណ្ដាខេត្ត ផ្សេងៗ ។
លោកបន្ថែមថា៖ មន្ទីរពេទ្យបង្អែកខេត្ត ជាមន្ទីរពេទ្យសាធារណៈដែលផ្ដល់សេវា សំណុំសកម្មភាពបង្គ្រប់កម្រិត៣ដែលមានគ្រែអ្នកជម្ងឺ សម្រាកព្យាបាលចំនួន៣០០គ្រែ មានបុគ្គលិក១៩៤នាក់។ ហើយមានសកម្មភាពលេចធ្លោបំផុត ក្នុងចំណោមមន្ទីរពេទ្យខេត្ត នៅកម្ពុជា។ មន្ទីរពេទ្យបានពង្រីកហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់ និងសេវាបន្ថែមជាច្រើនទៀត ផងដែរ។
ក្នុងនោះលោកក៏បានទទួលស្គាល់ថា ៖ ទោះជាយ៉ាងណា មន្ទីរពេទ្យយើងពិតជានៅមានចំណុចសំខាន់ៗជាច្រើនទៀតដែលត្រូវ ធ្វើការពង្រឹងកែលម្អរ និងត្រូវស្វែងរកការគាំទ្រ ដើម្បីដំណើរការឲ្យកាន់តែល្អប្រសើរឡើង ដូចជា គុណភាព គុណធម៌ ការគ្រប់គ្រង គុណវឌ្ឍន៍ ក្រមសីលធម៌វិជ្ជាជីវៈបុគ្គលិក មន្ត្រីរាជការ ការបំពាក់ឧបករណ៍វេជ្ជសាស្ត្រ ការស្ដារ និងពង្រីកហេដ្ឋារចនាសម្ព័ន្ធ ជាដើម។
លោកស្រី Julie Chung បានមានប្រសាសន៍នៅក្នុងពិធីសម្ភោធនេះថា ៖ នេះគឺជាការយកចិត្ត ទុកដាក់និងកិច្ចសហការថ្មីមួយទៀត របស់រដ្ឋាភិបាល និងប្រជាជនអាមេរិក ក្នុងការជួយលើកស្ទួយវិស័យសុខាភិបាល និងសុខភាពនៅកម្ពុជា។ ជាក់ស្ដែងមជ្ឈមណ្ឌល ឈាមនេះ និងបានបម្រើសេវាជួយសង្គ្រោះបន្ទាន់ដល់អ្នកជម្ងឺផ្សេងៗ ដែលត្រូវការឈាម ពិសេសជួយសង្រ្គោះស្រ្ដី និងកុមារ និងការកាត់បន្ថយអត្រាឈឺ អត្រាស្លាប់របស់មាតា ទារក និងកុមារ នៅកម្ពុជា ។
លោករដ្ឋមន្ត្រ ម៉ម ប៊ុនហេង បានមានប្រសាសន៍នៅឯពិធីនេះថា៖ ដោយមានការយកចិត្តទុកដាក់លើបញ្ហាសុខភាព និងសុខមាលភាព របស់ប្រជាពលរដ្ឋកម្ពុជាគ្រប់ស្រទាប់វណ្ណៈ ដោយមិនប្រកាន់ពណ៌សម្បុរ និងនិន្នាការនយោបាយនិងដើម្បីបង្កើន គុណភាព នៃការផ្ដល់សេវា ពិនិត្យ និងព្យាបាល ជម្ងឺជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធិភាពខ្ពស់ រាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានគាំទ្រយ៉ាងពេញទំហឹង និងផ្ដល់អាទិភាពដល់វិស័យសុខាភិបាល ធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្ម ត្រូវបានរីកដុះដាល់ស្ទើរគ្រប់ទីកន្លែង ។
លោកក៏បានថ្លែងអំណរគុណចំពោះម្ចាស់ជំនួយ ដៃគូរអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធនានា ដែលបានជួយឧបត្ថម្ភគាំទ្រសម្រាប់ឲ្យមាន ការរីកចម្រើនទាំងអស់នេះ ជាក់ស្ដែងនៅខេត្តសៀមរាប យើងមានមន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព ប៉ុស្ដិ៍សុខភាព អគារសម្ភព ដែលបានដាក់ឲ្យប្រើប្រាស់រហូតដល់ទីជនបទដាច់ស្រយ៉ាល។ ហើយ អគារមជ្ឈមណ្ឌលឈាម ដែលសម្ភោធដាក់ឲ្យប្រើប្រាស់ នៅពេលនេះ ជាសមិទ្ធិផលថ្មីមួយបន្ថែមទៀត បម្រើសេវាជួយសង្គ្រោះបន្ទាន់ដល់អ្នកជម្ងឺផ្សេងៗ ដែលត្រូវការឈាមពិសេសជួយ សង្រ្គោះស្រ្ដី និងកុមារ ក្នុងនោះគឺការកាត់បន្ថយអត្រាឈឺ អត្រាស្លាប់របស់មាតា ទារក និងកុមារ ។
លោករដ្ឋមន្ត្រី ក៏បានធ្វើការក្រើនរំលឹកបន្ថែម ដល់មន្ត្រីសុខាភិបាល ដែលកំពុងបំពេញតួនាទីផ្ដល់សេវាពិនិត្យ និងថែទាំសុខភាព ជូនប្រជាពលរដ្ឋទាំងអស់ថា៖ យើងត្រូវប្រើប្រាស់ឲ្យអស់លទ្ធភាព នូវចំណេះដឹង និងចំណេះធ្វើរបស់យើង ដោយអនុវត្តឲ្យបាន ខ្ជាប់ខ្ជួន និងត្រឹមត្រូវតាមក្រមសីលធម៌វិជ្ជាជីវៈពេទ្យ នូវរាល់ពេលបំពេញកតព្វកិច្ចសង្រ្គោះ ថែទាំអាយុជីវិតប្រជាជនយើង ដោយអនុវត្ត តាមអវត្តអនុសាសន៍ និងការណែនាំដ៏ថ្លៃថ្លារបស់ប្រមុខរាជរដ្ឋាកម្ពុជា គឺ “ត្រូវផ្ដល់សេវាសិនចាំគិតគូរការបង់ថ្លៃសេវា ជាក្រោយ” ។
សូមបញ្ជាក់ថា នៅព្រឹកនេះ គឺមជ្ឈមណ្ឌល បានទទួលអ្នកស្ម័គ្រចិត្តផ្ដល់ឈាមពីនិស្សិតមកពីសាកលវិទ្យាល័យអង្គរ និងកម្មសិក្សាការីពេទ្យសរុបចំនួន ៥៤នាក់ ជូនដល់មជ្ឈមណ្ឌល ផងដែរ ៕