(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មការប្រយុទ្ធ នឹងជំងឺកូវីដ១៩ខេត្ត នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១នេះ បានចុះពិនិត្យ និងដឹកនាំកងកម្លាំង អាជ្ញាធរដែនដី និងមន្ត្រីសុខាភិបាល រៀបចំកន្លែងត្រៀមបម្រុងទុកសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ ដើម្បីឆ្លើយតបនឹងអាត្រាអ្នកឆ្លងកូវីដ១៩ ក្នុងខេត្តនេះជាបន្តបន្ទាប់ រហូតដល់១០០នាក់ ហើយក្នុងនោះទើបតែជាសះស្បើយ២នាក់ ប៉ុណ្ណោះ គឺស្រ្តីជនជាតិវៀតណាម។
ការរៀបចំនេះ ស្ថិតនៅទីតាំងអាគារស្នាក់នៅរបស់ក្រុមហ៊ុនកាស៉ីណូបាវិតម៉ុកបាយ ដោយយក ២អាគារ គឺអាគារ C សម្រាប់ក្រុមគ្រូពេទ្យ និងអាគារ E សម្រាប់សម្រាកព្យាបាលអ្នកជំងឺកូវីដ១៩ មានចំនួន ២៨៨ បន្ទប់ ដែលស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
អមដំណើក្នុងឱកាសនោះមាន លោកអភិបាលរងខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកប្រធានមន្ទីរសារធារណការ និងដឹកជញ្ជូនខេត្ត លោកអនុប្រធានមន្ទីរសុខាភិបាលខេត្ត លោកអភិបាលក្រុងបាវិត រួមទាំងអាជ្ញាធរដែនដីពាក់ព័ន្ធមួយចំនួនទៀត។
តំណាងរដ្ឋបាលខេត្តស្វាយរៀង លោក ម៉ែន វិបុល បានថ្លែងអំណរគុណ និងកោតសសើចំពោះកងកម្លាំងទាំង៣ អាជ្ញាធរដែនដី ម្ចាស់អាគារ និងបុគ្គលិកសុខាភិបាលទាំងអស់ដែលបានចូលរួមចំណែកក្នុងការរៀបចំអាគារនេះ ទៅជាកន្លែងសម្រាប់ព្យាបាលអ្នកជំងឺកូវីដនៅក្នុងខេត្តស្វាយរៀង ជាពិសេសថ្លែងនូវការអរគុណចំពោះបុគ្គលិកសុខាភិបាល និងក្រុមគ្រូពេទ្យទាំងអស់ទូទាំងខេត្ត ដែលជាកងទ័ពអាវស មិនត្រឹមតែចូលរួមក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ ប៉ុណ្ណោះទេ ថែមទាំងបានចូលរួមចំណែកយ៉ាងសកម្មក្នុងការព្យាបាលអ្នកជំងឺកូវីដ១៩ យ៉ាងយកចិត្តទុកដាក់បំផុត។
លោកសង្ឃឹមថា ស្ថានភាពជំងឺកូវីដ១៩ ក្រោមការយកចិត្តទុកដាក់របស់លោកអភិបាលខេត្ត នឹងមានភាពធូស្រាលនៅពេលឆាប់ៗខាងមុខនេះ។ ទន្ទឹមនេះ រដ្ឋបាលខេត្តអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមបង្កើននូវការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ជាពិសេសត្រូវប្រកាន់ភ្ជាប់នូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល ៣ការពារ ៣កុំ ហើយបើគ្មានការចាំបាច់ សូមនៅតែក្នុងផ្ទះ ត្រូវរួមគ្នាកាត់ផ្តាច់ឬសគល់នៃជំងឺកូវីដ១៩នេះ ដោយផ្តើមចេញពីការចូលរួមសហការប្រជាពលរដ្ឋទាំងអស់គ្នា៕