(ភ្នំពេញ)៖ អ្នកជំងឺកូវីដ១៩ ម្នាក់ រស់នៅភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ បានអះអាងថា ខ្លួនបានចូលទៅទិញម្ហូបអាហារនៅក្នុងផ្សារបុរីឈូកវ៉ា២ កាលពីថ្ងៃអាទិត្យ ទី២៨ ខែមីនា ឆ្នាំ២០២១កន្លងទៅនេះ។
អ្នកជំងឺដែលមានឈ្មោះ ធឿន វណ្ណា អាយុ ២៦ឆ្នាំ ត្រូវបានរកឃើញជំងឺកូវីដ១៩ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១។ អ្នកជំងឺរូបនេះ បានប្រាប់ Fresh News តាមទូរស័ព្ទនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១នេះថា រូបគាត់បានលេចចេញអាការៈក្អក និងឈឺ-ក នៅថ្ងៃចន្ទ ទី២៩ ខែមីនា ហើយក៏បានទៅទិញថ្នាំលេប តែលេបមិនបាត់សោះទើបរូបគាត់ទៅយកសំណាកដោយខ្លួនឯងតែម្តង។
អ្នកស្រី ធឿន វណ្ណា ដែលធ្វើការនៅរោងចក្រឌិនហា នៅផ្លូវវេងស្រេង បានឱ្យដឹងថា រូបគាត់មិនដឹងឆ្លងជំងឺពីនរណានោះទេ។ រូបគាត់ក៏មិនបានទៅណាច្រើននោះដែរ ចេញពីធ្វើការទៅផ្ទះ និងទិញម្ហូបអាហារហូបចុកតិចតួចប៉ុណ្ណោះ។
អ្នកជំងឺកូវីដ១៩រូបនេះ បានដាក់ការសង្ស័យថា ខ្លួនអាចឆ្លងពីអ្នកធ្វើការដូចគ្នា ព្រោះនៅថ្ងៃសៅរ៍ សប្តាហ៍មុននេះ នៅរោងចក្រកន្លែងខ្លួនធ្វើការមានអ្នកធ្វើការជាមួយម្នាក់លេចចេញអាការៈដូចខ្លួន តែមិនបានទៅយកសំណាកនោះទេ។
អ្នកស្រី ធឿន វណ្ណា បានអះអាងថា ក្រោយខ្លួនលេចចេញអាការៈ គឺខ្លួននៅតែបន្តទៅធ្វើការជាធម្មតា ព្រោះអត់មានអស់កម្លាំងអ្វីនោះទេ។ តែទោះជាយ៉ាងណាខ្លួនបានអនុវត្តវិធានការការពារជំងឺ ដោយពាក់ម៉ាស់ និងបាញ់អាល់កុលជាដើម។
ក្រៅតែពីទៅធ្វើការនៅថ្ងៃអាទិត្យ កន្លងទៅខ្លួនក៏បានចូលទៅផ្សារបុរីឈូកវ៉ា២ ដើម្បីទិញបន្លែត្រីសាច់។ ប៉ុន្តែខ្លួន ក៏បានពាក់ម៉ាស់ និងបាញ់អាល់កុលផងដែរ។
បើតាមអ្នកស្រី ធឿន វណ្ណា នៅក្នុងផ្ទះរបស់ខ្លួនមានកូនស្រីអាយុ ៥ឆ្នាំម្នាក់ និងស្វាមី។ បច្ចុប្បន្នកូន និងស្វាមី របស់អ្នកស្រីត្រូវបានធ្វើចត្តាឡីស័ក និងយកសំណាកផងដែរ តែមិនទាន់ឃើញមេរោគកូវីដ១៩នៅឡើយទេ៕