(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១នេះ លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង បានបន្តចុះចែកអំណោយ នឹងបាននាំយកថ្នាំពេទ្យដែលជាអំណោយរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ្រ ចន្ទមុនី ចែកជូនដល់ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក នៅបន្ទប់ជួល អគារលេខ២០អា ផ្លូវលេខ១០៥ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ចំនួន១៨នាក់ ។
នៅក្នុងឱកាសនេះដែរ លោក ធឹម សំអាន ក៏បាននាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងលោក ឃួង ស្រេង ប្រធានសាខាកាកបាទក្រហមរាជធានីភ្នំពេញ ជូនចំពោះបងប្អូនប្រជាពលរដ្ឋយើង ដែលសម្ដេច តែងបានគិតគូរខ្ពស់ចំពោះបងប្អូន ដោយបានចាត់ឱ្យមន្ត្រីក្នុងមូលដ្ឋាន ចុះសួរសុខទុក្ខ និងនាំយកអំណោយមកចែកជូនបងប្អូននាពេលនេះ ដែលជាសក្ខីភាពមួយបញ្ជាក់ឲ្យឃើញបេះដូង សប្បុរសធម៌ និងសេចក្តីស្រលាញ់ ចេះចែករំលែក ជួយសង្គ្រោះដោយមិនប្រកាន់ពណ៌សប្បុរ ឬសាសនា និងនិន្នាការ នយោបាយណាមួយឡើយ ពោលគឺធ្វើឡើងដោយទឹកចិត្តអាណិតស្រាលាញ់ និងស្របតាមពាក្យថា ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជាជានិច្ច ។
ខណៈនោះ លោក ធឹម សំអាន ក៏បានស្នើអោយបងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក សូមអត់ធ្មត់ ព្យាយាមអនុវត្តតាមវិធានសុខាភិបាល អោយបានត្រឹមត្រូវ ក្នុងរយៈពេល១៤ថ្ងៃ ទើបយើងអាចចេញទៅប្រកបរបររកទទួលទាន ឬធ្វើការងារតាមធម្មតាឡើងវិញបាន ។
លោកស្រី ស៊ីន រតនា អភិបាលរងខណ្ឌ បានបញ្ជាក់ថា អំណោយនាពេលនេះ ម្នាក់ៗទទួលបាន ៖ អង្ករ ១បាវ (២៥គីឡូក្រាម), ស្ករស ១គីឡូក្រាម, ទឹកត្រី រឺទឹកសុីអីវ ១យួរ, មីម៉ាម៉ា១កេស, ម៉ាស ១ដុំ, ទឹកសុទ្ធ១កេស, ថ្នាំពេទ្យ ១កញ្ចប់ផងដែរ៕