(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តាមរយៈបណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១នេះ បានអំពាវនាវដល់អ្នកដែលពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអាជីវករ និងសន្តិសុខ នៅផ្សារអូរឫស្សី ដែលកើតជំងឺកូវីដ១៩ សូមទៅធ្វើតេស្តរកមេរោគកូវីដ១៩ នៅវិទ្យាល័យបាក់ទូក។
ជាមួយគ្នានេះ អភិបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋ ក្រោយពីធ្វើតេស្តរកមេរោគហើយ ត្រូបន្តធ្វើចត្តាឡីស័កនៅផ្ទះឲ្យបានខ្ជាប់ខ្ជួន និងត្រូវគោរពតាមវិធាន ៣កុំ និង៣ការពារ។
លោក ឃួង ស្រេង ថែមទាំងបានប្រាប់ទៅដល់ប្រជាពលរដ្ឋថា ប្រសិនបើមានរោគសញ្ញា ឬមានបញ្ហាចម្ងល់ផ្សេងៗ អាចទាក់ទងទៅលេខ Hotline និងលេខទូរស័ព្ទ ៣ប្រព័ន្ធទៀត រួមមាន៖
*ទី១៖ Hotline 1299
*ទី២៖ 098 379 777
*ទី៣៖ 077 856 966
*ទី៤៖ 099 429 040
* ប្រជាពលរដ្ឋ ក៏អាចទាក់ទងទៅ Facebook របស់រដ្ឋបាលរាជធានីភ្នំពេញផងដែរ។
សូមជម្រាបថា យោងតាមរបាយការណ៍របស់គណៈកម្មការគ្រប់គ្រងផ្សារអូរឫស្សី ដែល Fresh News ទទួលបាននៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ បញ្ជាក់ថា អ្នកកើតជំងឺកូវីដ១៩ នៅផ្សារអូឫស្សី មានអាជីវករចំនួន ៣នាក់ និងសន្តិសុខ ៣នាក់។
របាយការណ៍បានបញ្ជាក់ថា អាជីវករដែលកើតជំងឺកូវីដ១៩នេះ រួមមាន៖
១៖ ឈ្មោះ លី គឹមសុង ភេទប្រុស អាយុ ៤៨ឆ្នាំ មុខរបរលក់ឆ្នាំងដាំបាយអគ្គីសនី នៅតូបលេខ (ក.០៣ លេខ ១៣០–១៣១)។ បច្ចុប្បន្នស្នាក់នៅផ្ទះលេខ៥៦D១៣ ផ្លូវលេខ២៣០ ភូមិ៨ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
២៖ ឈ្មោះ អ៉ឹង គឹមស្រ៊ុន ភេទប្រុស អាយុ ៤៧ឆ្នាំ មុខរបរលក់គ្រឿងអគ្គីសនី នៅតូបលេខ (ក.០៣ លេខ១៣៤)។ បច្ចុប្បន្នស្នាក់នៅផ្ទះលេខ ៧៤៧៦ ផ្លូវលេខ១៣A (បុរីចំកាដូង ) ភូមិប្រកា សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
៣៖ ឈ្មោះ ហាស់ កញ្ញា ភេទស្រី អាយុ ៤០ឆ្នាំ មុខរបរលក់ចាបហួយ នៅតូបលេខ ( ខ.២៣ លេខ២៤៦ )។ បច្ចុប្បន្នស្នាក់នៅផ្ទះលេខ៣០E.២ ផ្លូវលេខ១៦៤ ភូមិ៤ សង្កាត់អូឬស្សីទី៣ ខណ្ឌ៧មករារាជធានីភ្នំពេញ លេខទូរស័ព្ទ ០១២ ៥៩៣ ៧៩០ មានសមាជិកក្នុងគ្រួសារចំនួន៤នាក់ (ធ្វើតេស្តចំនួន១នាក់) ។
ដោយឡែកសន្តិសុខដែលធ្វើតេស្តរកឃើញវិជ្ជមានកូវីដ១៩ រួមមាន៖
១៖ ឈ្មោះ រិន រិទ្ធី ភេទប្រុស អាយុ៣៣ឆ្នាំ តួនាទីអនុប្រធានផ្សារអូរឫស្សី។ បច្ចុប្បន្នស្នាក់នៅផ្ទះលេខ១៤E. ផ្លូវលេខ១១០ ភូមិព្រៃព្រីងខាងជេីង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ។
២៖ ឈ្មោះ ឃីម ភារម្យ ភេទប្រុស អាយុ ២៨ឆ្នាំ។ បច្ចុប្បន្នស្នាក់នៅផ្ទះលេខ២៦ ផ្លូវលេខ១៦៨ សង្កាត់អូរឫស្សីទី១ ខណ្ឌ៧ មករា រាជធានីភ្នំពេញ។
៣៖ ឈ្មោះ ម៉ា សុខុម ភេទប្រុស។ បច្ចុប្បន្នស្នាក់នៅផ្ទះលេខ១៨C ( បុរីមង្គលភ្នំពេញ ) សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ក្រោយរកឃើញដូចនេះ គណៈកម្មការគ្រប់គ្រងផ្សារ បានបិទតូបដែលមានឈ្មោះដូចខាងលើ និងតូបដែលនៅជិតខាងជាបណ្តោះអាសន្ន និងបាញ់ថ្នាំសម្លាប់មេរោគផងដែរ៕