(បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ (CCSA) នៅថ្ងៃសៅរ៍នេះបានរាយការណ៍ពីការរកឃើញ ករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៨៤ករណីបន្ថែមទៀត ខណៈអ្នកជំងឺម្នាក់បាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Bangkok Post នៅល្ងាចថ្ងៃសៅរ៍ ទី០៣ ខែមេសា ឆ្នាំ២០២១។
CCSA បានគូសបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន ៦៩ករណីជាករណីឆ្លងក្នុងស្រុក ក្នុងនោះរួមមាន ៣២ករណី ត្រូវបានរកឃើញនៅទីក្រុង បាងកក (Bangkok), ១២ករណីនៅខេត្ត សាមុត សាខន (Samut Sakhon), ០៩ករណីនៅខេត្ត ស៊ូផាន់ បុរី (Suphan Buri), ០៥ករណីនៅខេត្ត ណាខន ផាធំ (Nakhon Pathom), ០៤ករណីនៅខេត្ត នុនថាបុរី (Nonthaburi), ០៤ករណីនៅខេត្ត សាមុត ប្រាកាន (Samut Prakan), ០១ករណីនៅខេត្ត ណារ៉ាធីវ៉ាត់ (Narathiwat), ០១ករណីនៅខេត្ត ឈុនបុរី (Chon Buri) និង ០១ករណីទៀតនៅខេត្ត តាក (Tak)។ ចំណែកឯ ១៥ករណីផ្សេងទៀត ជាករណីនាំចូលត្រូវបានរកឃើញនៅលើអ្នកដំណើរ ដែលបានវិលត្រលប់មកពីបរទេសវិញ។
CCSA បានគូសបញ្ជាក់បន្ថែមថា អ្នកជំងឺម្នាក់ដែលបានស្លាប់នោះ គឺជាស្រ្តីម្នាក់ដែលមានអាយុ ២៩ឆ្នាំ រស់នៅទីក្រុងបាងកក ដោយស្រ្តីរូបនោះមានជំងឺបេះដូង។ រហូតមកដល់ពេលនេះ ប្រទេសថៃបានកត់ត្រាករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ២៩,០៣១ករណី ក្នុងនោះមានអ្នកស្លាប់ ៩៥នាក់ និងអ្នកជាសះស្បើយឡើងវិញ ២៧,៦៦៨នាក់ (ស្មើនឹង ៩៥.៣១%)៕