(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១នេះ ទទួលបានឧបត្ថម្ភទឹកសម្លាប់មេរោគធម្មជាតិ Ebiodis ពីក្រុមហ៊ុន Leisure Asia Corporation ខណៈពិធីប្រគល់ទទួលនេះធ្វើឡើងក្រោមវត្តមានលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង និងលោកស្រី ហេង ពិសី អគ្គនាយិកាក្រុមហ៊ុន Leisure Asia Corporation។
ក្នុងឱកាសនៃការរៀបចំពិធីប្រគល់ទទួលនោះ លោកស្រី ហេង ពិសី បានជម្រាបជូនថា ការឧបត្ថម្ភនូវទឹកសម្លាប់មេរោគធម្មជាតិ Ebiodis (Organic & Antiseptic Disinfectant) គឺក្នុងគោលបំណងគាំទ្រដល់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនានា ពិសេសជំងឺកូវីដ១៩ ដែលបាននិងកំពុងរាតត្បាតឆ្លងចូលសហគមន៍។
លោក នួន ផារ័ត្ន បានកោតសរសើរខ្ពស់ដល់ក្រុមហ៊ុនដែលបានផលិត និងឧបត្ថម្ភទឹកសម្លាប់មេរោគប្រកបដោយគុណភាពនៅកម្ពុជា ដែលជាការចូលរួមចំណែកដល់ការការពារទប់ស្កាត់ការរីករាលដាលនៃជំងឺ និងមេរោគនានា ពិសេសជំងឺកូវីដ១៩។
លោកស្រី ហេង ពិសី បានអរគុណយ៉ាងក្រៃលែងដល់លោកអភិបាលរាជធានីភ្នំពេញ ថ្នាក់ដឹកនាំ និងមន្ត្រីតាមសាលាខណ្ឌ សាលាសង្កាត់ និងអាជ្ញាធរមូលដ្ឋានក្រោមឱវាទទាំងអស់ ដែលបាននិងកំពុងបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋាន ស្របទៅតាមដែនសមត្ថកិច្ចរបស់ខ្លួនយ៉ាងសកម្ម ជាពិសេសក្នុងដំណាក់កាលនៃយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ១៩នេះ សំដៅចូលរួមទប់ស្កាត់ការបន្តរីករាលនៃជំងឺនេះនៅក្នុងសហគមន៍។
សូមបញ្ចាក់ថា ក្រុមហ៊ុនបានចូលរួមឧបត្ថម្ភដល់សាលារាជធានីភ្នំពេញនូវទឹកសម្លាប់មេរោគម៉ាក Ebiodis ដើម្បីប្រើប្រាស់តាមការចាំបាច់ រួមមាន៖ ប្រភេទ៣០លីត្រ ចំនួន ១០០កាន, ប្រភេទ៥លីត្រ ១០កេស ស្មើ ៦០កាន, ប្រភេទ១លីត្រ ចំនួន ១០កេស ស្មើ ២៤០កាន, ប្រភេទ៥០០មីលីមីត្រ ចំនួន ២០កេស ស្មើ ៤៨០ដបស្រ្ពេរ និងប្រភេទ១០០មីលីលីត្រ ចំនួន ២០កេស៕