(ស្វាយរៀង)៖ យោងតាមការណែនាំរបស់លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅខេត្តស្វាយរៀង លោក រស់ ផារិទ្ធ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំពងទឹក ស្រុករំដួល នាព្រឹកទី០៣ ខែមេសា ឆ្នាំ២០២១នេះ បាននាំយកអំណោយចុះសួរសុខទុក្ខប្រជាពលរដ្ឋចំនួន ៤នាក់ ដែលកំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កឃុំពងទឹក ស្ថិតនៅក្នុងបរិវេណ សាលាបឋមសិក្សាជៀង អំ សេដ្ឋា ពងទឹក។
លោក រស់ ផារិទ្ធ បានថ្លែងអំពាវនាវដល់អាជ្ញាធរ និងសមត្ថកិច្ចនៅមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងរួមគ្នាបង្ការទប់ស្កាត់ការឆ្លងរាលដាល ជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈវិធានការ ៣ការពារ និង ៣កុំ ព្រមទាំងចូលរួម ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដោយឥតគិតថ្លៃ និងតាមគោលការណ៍ស្ម័គ្រចិត្ត និងត្រូវអនុវត្តតាមការណែនាំ និងវិធានការរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន និងត្រឹមត្រូវ។
លោក រស់ ផារិទ្ធ ក៏បានផ្តល់ជូនប្រជាពលរដ្ឋទាំង៤នាក់ ដែលកំពុងធ្វើចត្តាឡីស័ក ក្នុងម្នាក់ទទួលបានទឹកបរិសុទ្ធ ៦យួរ មី ១កេស ព្រមទាំងសាប៊ូ អាល់កុល និងម៉ាសមួយចំនួន និងបានឧបត្ថម្ភដល់ក្រុមប្រចាំការការពារនៅមណ្ឌលចត្តាឡីស័ក ទឹកបរិសុទ្ធ ១៥យួរ មី ៥កេស ព្រមទាំងសាប៊ូ អាល់កុល និងម៉ាសមួយចំនួន ផងដែរ៕