(នេប៉ាល់)៖ យន្តហោះមួយគ្រឿង ផ្ទុកដោយអ្នកដំណើរ៩នាក់ បានបង្ខំចិត្តចុះចតជាបន្ទាន់ នៅអាកាសយាន្តដ្ឋាន Kathmandu ប្រទេសនេប៉ាល់ នាថ្ងៃពុធម្សិលមិញ។
យន្តហោះដឹកអ្នកដំណើរ ១៩កៅអីនេះ បានហោះហើរឆ្ពោះទៅកាន់តំបន់ Lukla ជាច្រកមួយចូលទៅកាន់ភ្នំ Everest ហើយបានចុះចតជាបន្ទាន់ ក្រោយហោះឡើងបាន ៣ទៅ៤នាទី បន្ទាប់ពីបក្សីមួយក្បាល បានហើរបុកស្លាបខាងស្តាំនៃយន្តហោះ នេះបើតាមលោក Ranjan Bhattarai មន្ត្រីអាកាសយាន្តដ្ឋាន Kathmandu បានឲ្យដឹងយ៉ាងដូច្នេះ។ «មិនមានអ្នកដំណើរណាម្នាក់ រងរបួសនោះទេ ខណៈក្រុមវិស្វករ កំពុងជួសជុលយន្តហោះដែលខូចខាត។
ហេតុការណ៍ចុះចតជាបន្ទាន់នេះ ត្រូវបានកើតឡើង ក្រោយមួយសប្តាហ៍បន្ទាប់ពីមានគ្រោះថ្នាក់ ធ្លាក់យន្តហោះចំនួន២ករណី នៅក្នុងប្រទេសនេប៉ាល់ ដោយត្រូវបានរង ការស្តីបន្តោសយ៉ាងខ្លាំង លើផ្នែកសុវត្ថិភាពអាកាសចរ ថាមិនមានការថែទាំ ឲ្យបានគ្រប់គ្រាន់, អ្នកបើកបរយន្តហោះគ្មានបទពិសោធន៍ និងការគ្រប់គ្រងមានកម្រិតទាប។ គួរជម្រាបដែរថា សហភាពអឺរ៉ុប បានចុះបញ្ជីខ្មៅ លើគ្រប់ក្រុមហ៊ុនអាកាសចរទាំងអស់ របស់ប្រទេសនេប៉ាល់ នៅក្នុងឆ្នាំ២០១៣៕