Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ថ្ងៃ៩មីនា តុលាការកំពូលនឹងប្រកាស សាលដីកាករណីជះទឹកអាស៊ី នៅខេត្តតាកែវ ខណៈជនបង្កកំពុងមានសេរីភាព

03-03-2016 09:08

(ភ្នំពេញ)៖ តុលាការកំពូលកម្ពុជា គ្រោងនឹងប្រកាសសាលដីកា សំណុំរឿងជះទឹកអាស៊ីដ៏សាហាវមួយ នៅខេត្តតាកែវ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៦ ខាងមុខនេះ ខណៈដែលជនបង្កកំពុងរស់នៅ ដោយមានសេរីភាព ហើយជនរងគ្រោះស្ទើរតែក្លាយទៅជាជនពិការ ម្នាក់។ នេះបើតាមការបញ្ជាក់ ពីមន្រ្តីតុលាការកំពូល។

ករណីនេះបានកើតឡើងកាលពីព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅផ្សារទម្លាប់ ស្រុកគីរីវង់ ខេត្តតាកែវ បង្កឡើងដោយជនដៃដល់ ៤នាក់ (ឪពុកម្តាយនិងកូន២នាក់) យកទឹកអាស៊ីតជះទៅលើស្រី្ត មានផ្ទៃពោះ២ខែម្នាក់ឈ្មោះ មួង ស្រីមុំ បណ្តាលឱ្យរងរបួសធ្ងន់។
ដោយឡែកកូនស្រីរបស់គាត់អាយុ២ឆ្នាំ ម្នាក់ទៀតរងរបួសសើស្បែក។ ទោះជាយ៉ាងនេះក្តី ក្រោយកើតហេតុជនដៃដល់២នាក់ជាកូន បានរត់គេចខ្លួន ហើយពុកម្តាយដែលជនរងគ្រោះចោទថាជាអ្នកចូលរួមជះទឹកអាស៊ីតដែរនោះ មិនត្រូវបានសមត្ថកិច្ច ឬតុលាការ ឃុំខ្លួនឡើយ។

ក្នុងសវនាការកាលពីម្សិលមិញ នៅតុលាការកំពូល ពុំមានវត្តមានជនជាប់ចោទឈ្មោះ ញ៉ែ ដេង អាយុ៥៧ឆ្នាំ និង ប្រពន្ធឈ្មោះ សេង គឹមឡេង អាយុ៥៥ឆ្នាំ នោះទេ។ អ្នកទាំងពីរត្រូវបានចោទពីបទ «ហិង្សាដោយចេតនាលើអ្នកដទៃដោយប្រើទឹកអាស៊ីតនិងអំពីហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស» ក្នុងករណីជះទឹកអាស៊ីតនេះ។ សវនាការនេះដឹកនាំដោយលោកស្រី គឹម សត្ថាវី ជាប្រធាន ក្រុមប្រឹក្សាជំនុំជម្រះ និងលោក វ៉េង ប៊ុនធឿន ជាតំណាងមហាអយ្យការ។

ការប្រកាសសាលដីកា នៅសប្តាហ៍ក្រោយនេះ គឺជាសម្រេចចោទប្រកាន់ជនជាប់ចោទ ឬទម្លាក់ចោទប្រកាន់លើជនជាប់ចោទ តែម្តង៕