(សៀមរាប)៖ មន្ត្រីបសុពេទ្យខេត្តសៀមរាប បានចុះបិទកន្លែងលក់សាច់ឆ្កែមួយកន្លែងនៅក្បែរវត្តពោធិ៍ពីរដើម ក្នុងក្រុងសៀមរាប ដែលបើកដំណើរការលក់សាច់ឆ្កែអស់រយ:ពេលជាង១០ឆ្នាំមកហើយ។
ការចុះបិទទីតាំងនេះ គឺជាលើកទី២ហើយ ដោយលើកទី១ មន្ត្រីជំនាញបសុពេទ្យសត្វបានធ្វើកិច្ចសន្យាឲ្យបិទ និងទុកឱកាសផ្លាស់ប្តូរមុខរបររកស៊ីផ្សេងទៀត។ រហូតមកដល់ពេលថ្មីៗនេះ ម្ចាស់ហាងនៅតែមិនព្រមធ្វើតាមកិច្ចសន្យា ទើបនៅរសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ មន្ត្រីជំនាញបសុពេទ្យសត្វខេត្តបានសម្រេចចុះបិទតែម្តង។
មន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានចុះធ្វើកិច្ចការងារនេះ ដើម្បីអនុវត្តតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ក៏ដូចជាវិធានការកន្លងមករដ្ឋបាលខេត្តស្នើឲ្យ លោកប្រធានមន្ទីរ សហការជាមួយរដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាព អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចជំនាញពាក់ព័ន្ធ ដើម្បីបន្តចូលរួមអប់រំផ្សព្វផ្សាយ ណែនាំដល់អាជីវករដែលបាននិងកំពុងប្រកបអាជីវកម្មសត្វសុនខនៅតាមបណ្តាក្រុង-ស្រុក ក្នុងខេត្តសៀមរាប ឱ្យពួកគាត់ពិនិត្យលទ្ធភាពផ្លាស់ប្តូរមុខរបរផ្សេងជំនួសវិញ ក្នុងរយៈពេល៣ខែទៀត។ ប៉ុន្តែក្នុងករណីអាជីវករនៅតែបន្តធ្វើអាជីវកម្មប្រភេទនេះ មន្ទីរត្រូវពិនិត្យចាត់ចែងអនុវត្តតាមនីតិវិធីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
លោក ព្រំ វិច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានបង្ហាញថា កាលពីថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២១ កន្លងទៅ ដោយទទួលបានការណែនាំពីលោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប ដើម្បីចុះអនុវត្តផ្ទាល់ជាមួយមន្ត្រីបសុពេទ្យ និងសហការជាមួយស្នងការនគរបាលខេត្ត (ការិយាល័យចរាចរណ៍ផ្លូវគោក) បានឃាត់ចាប់សត្វសុនខ (ឆ្កែ) ចំនួន ៦១ក្បាល ដឹកតាមរថយន្តម៉ាកសាំយ៉ុង ចេញពីខេត្តបន្ទាយមានជ័យឆ្ពោះទៅខេត្តកំពង់ចាម។ លោកបន្តថា សត្វសុនខទាំង ៦១ក្បាលនេះ មន្រ្តីជំនាញបសុពេទ្យបានយកមករក្សាទុកធ្វើចត្តាឡីស័ក តាមលក្ខណ:បច្ចេកទេស នៅស្ថានីយស្រាវជ្រាវសុខភាពសត្វ និងផលិកម្មសត្វទឹកវិលផងដែរ។
បើតាមការលើកឡើងពីលោកស្រី ឯក សុធា តំណាងអង្គការ Four Paws បានឲ្យដឹងថា ការចំណាយក្នុងការថែទាំសុខភាព និងជម្រកសត្វសុនខ ទាំង ៦១ក្បាលក្នុងរយៈពេល ២ខែនេះ គឺចំណាយអស់ប្រមាណ២០,០០០ដុក្លារអាមេរិក។
គួររំលឹកថា ជុំវិញករណីខាងលើនេះ កន្លងមកមានអ្នកសារព័ត៍មានមួយចំនួនបានចុះផ្សាយតាមបណ្តាញសង្គម ក៏ដូចជាគេហទំព័រនានាថា ការបើកហាងអាជីវកម្មលក់សាច់ឆ្កែដោយខុសច្បាប់ទាំងនេះបានដោយរលូននោះ ក៏ព្រោះតែមន្ត្រីបសុពេទ្យសត្វបានគប់គិតគ្នាស៊ីសំណូកសូកប៉ាន់ជាមួយម្ចាស់ហាងហើយ បានជាមិនអនុវត្តទៅតាមការស្នើរបស់រដ្ឋបាលខេត្ត។
លោក ជី សុជាតិ ម្ចាស់ហាងនៅក្បែរវត្តពោធិ៍ពីរដើមក្នុងក្រុងសៀមរាប ដែលត្រូវអាជ្ញាធរចុះបិទនោះ លើកឡើងថា ចំពោះការចោទប្រកាន់ពាក់ព័ន្ធស៊ីសំណូកសូកប៉ាន់នោះ គឺវាមិនពិតឡើយ៕