(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១នេះ អាជ្ញាធរ បានបន្ដនាំយកស្បៀងអាហារចែកជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត នៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ចំនួន៣០០គ្រួសារ គ្រាដែលកំពុងប្រឈមជាមួយការរីករាលជំងឺកូវីដ១៩។ សកម្មភាពនេះ ដឹកនាំដោយលោក អាំង សិរីពិសិដ្ឋ អភិបាលរងខណ្ឌចំការមន និងមានការចូលរួមពីមន្ដ្រី អាជ្ញាធរពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

ក្នុងពេលចុះចែកស្បៀងអាហារនេះ លោក អាំង សិរីពិសិដ្ឋ បានថ្លែងទៅកាន់ប្រជាពលរដ្ឋថា កាលៈទេសៈនេះ មិនមែនជាពេលវេលាដែលត្រូវស្តីបន្ទោស ឬនិន្ទារគ្នាឡើយ ផ្ទុយទៅវិញជាពេលវេលាមួយ ដែលត្រូវការចូលរួមពីសំណាក់ភាគីដែលពាក់ព័ន្ធ (ភាគីស្ថាប័នរាជរដ្ឋាភិបាល វិស័យឯកជន និងប្រជាពលរដ្ឋ) ដើម្បីប្រយុទ្ធប្រឆំាងជាមួយសត្រូវដ៏កាចសាហាវរួមគឺកូវីដ១៩ ។

លោកអភិបាលរង បានស្នើឲ្យប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ទៅ លើបញ្ហាអនាម័យជាប្រចាំ ដើម្បីចៀសវាងជំងឺឆ្លងផ្សេងៗ ជាពិសេសជំងឺកូវីដ-១៩នេះ ដែលជាជំងឺឆ្លងរាតត្បាតដ៏កាចសាហាវ នៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដោយអនុវត្តតាមវិធីងាយៗ ទៅតាមវិធានរបស់ក្រសួងសុខាភិបាល។ លោកបន្តថា ដើម្បីទប់ស្កាត់ការឆ្លងក្នុងសហគមន៍តទៅនោះ សូមប្រជាពលរដ្ឋកុំចេញពីផ្ទះ ទៅប្រមូលផ្តុំ ពិសេសរក្សាគម្លាត១ម៉ែត្រកន្លះ និងត្រូវពាក់ម៉ាសឲ្យបានត្រឹមត្រូវ។

លោក អាំង សិរីពិសិដ្ឋ ក៏បាននាំនូវផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងគិតគូរយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋខ្វះខាតផ្នែកជីវភាព ដែលមានទុក្ខលំបាក ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

ជាមួយគ្នានេះ លោក អាំង សិរីពិសិដ្ឋ ក៏បានថ្លែងអំណរគុណដល់សប្បុរជន មិត្តភ័ក្រ្ត ដែលបានចែករំលែកជួយឧបត្ថម្ភមករូបលោក ជាស្បៀងអង្ករ ឬសម្ភារប្រចាំថ្ងៃរបស់គាត់ មកដល់សហគមន៍បានគ្រប់គ្រាន់នោះ យើងអាចបង្ការមិនមានការឆ្លងជំងឺចូលសហគមន៍បានទេ។ ដោយហេតុថា ប្រជាសហគមន៍គាត់ទទួលបានការយកចិត្តទុក្ខដាក់ពីរាជរដ្ឋាភិបាល ពីអាជ្ញាធរបានគ្រប់គ្រាន់ ពោលគឺគាត់នៅតែផ្ទះ មានអាហារបរិភោគគ្រប់គ្រាន់ គាត់មិនភ័យខ្លាចអត់អាហារហូបចុកឡើយ។

លោកបន្តថា កាយវិការដ៏ល្អ ប្រកបដោយមនុស្សធម៌ ដែលបានមកពីការចូលរួមពីវិស័យវិនិយោគិន អង្គការសមាគមនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាលស្របតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងប្រទេសកម្ពុជា បានទាន់ពេលវេលា។

លោក អាំង សិរីពិសិដ្ឋ បានបញ្ជាក់ថា អំណោយបានការចូលរួមពីមិត្តភ័ក្រ ពីវិស័យវិនិយោគិន ដែលលោកនាំយកមកផ្តល់ជូននាពេលនេះ ដោយម្នាក់ៗ ទទួលបាន អង្ករ១បាវ, មី, ត្រីខកំប៉ុង, ទឹកត្រី, ទឹកស៉ីអ៉ីវ និងម៉ាស ព្រមទាំងនំប៉័ង និងផ្លែឈើ ជាអាហារសម្រន់សម្រាប់ប្រជាពលរដ្ឋ។

បន្ទាប់មកលោក អាំង សិរីពិសិដ្ឋ ក៏បានចុះសួរសុខទុក្ខបុគ្គលិក គ្រូពេទ្យ នៅមណ្ឌលចាក់វ៉ាក់សាំង ក្នុងវិទ្យាល័យ ហ៊ុន សែន ផ្សារដើមថ្កូវ និងមណ្ឌសុខភាព ផ្សារដើមថ្កូវ។ ខណៈនោះលោកអភិបាលរងខណ្ឌ ក៏បាននាំយកនូវកញ្ចប់ផ្លែឈើ ចែកដល់គ្រូពេទ្យ និងបុគ្គលិកពេទ្យ ដែលកំពុងបំពេញការងារនៅតាមមណ្ឌលនោះផងដែរ៕