(ឧត្តរមានជ័យ)៖ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ នារសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ ម្សិលមិញ បានដឹកនាំក្រុមការងារអញ្ជើញចុះពិនិត្យមើលសកម្មភាព ការបាញ់ថ្នាំសម្លាប់មេរោគ នៅក្នុងបរិវេណផ្សារសំរោង ស្ថិតក្នុងសង្កាត់សំរោង ក្រុងសំរោងខេត្តឧត្តរមានជ័យ។
ក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត ក៏បានថ្លែងផ្ដាំផ្ញើដល់បងប្អូនអាជីវករលក់ដូរ និងប្រជាពលរដ្ឋត្រូវបន្តអនុវត្តឱ្យបានទៀងទាត់ តាមអនុសាសន៍ណែនាំនូវវិធានការ «៣កុំ និង៣ការពារ» របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាវិធានការការពាររបស់ក្រសួងសុខាភិបាល ដោយឧស្សាហ៍លាងសម្អាតដៃជាមួយទឹកអាល់កុល ជែល ឬសាប៊ូ ឱ្យបានញឹកញាប់ និងពាក់ម៉ាសជានិច្ចពេលចាកចេញក្រៅផ្ទះ ដើម្បីការពារពីជំងឺកូវីដ-១៩។
សូមបញ្ជាក់ថា ការចុះបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងផ្សារសំរោង នៅពេលនេះ គឺក្នុងន័យចូលរួមលើកកម្ពស់សុខភាពរបស់បងប្អូនអាវីវករ និងប្រជាពលរដ្ឋ ពីការចម្លងមេរោគផ្សេងៗ ពិសេសដើម្បីចូលរួមប្រយុទ្ធប្រឆាំង ការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងគ្រាដែលប្រទេសកម្ពុជា កំពុងមានព្រឹត្តិការណ៍ «សហគមន៍ ២០កុម្ភៈ» ដែលព្រឹត្តិការណ៍នេះ ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលកំពុងដាក់ចេញនូវិធានាការនានា ដើម្បីបិទបញ្ចប់ឱ្យបានលឿនបំផុត៕