(រតនគិរី)៖ នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តរតនគិរី ចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ (Sinovac) ជូនមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់តាមមន្ទីរ អង្គភាពជុំវិញខេត្ត។ ជាមួយនឹងការបើកយុទ្ធនាការនេះ ក្រោមការត្រួតពិនិត្យពីលោក ថង សាវុន ប្រធានអនុគណៈកម្មាចំពោះកិច្ចចាក់វ៉ាក់សាំង និងជាអភិបាលខេត្តរតនគិរី។
បើតាមលោកវេជ្ជបណ្ឌិត អ៊ុង រតនា ទីប្រឹក្សាក្រសួង និងជាប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាបន Fresh News ប្រចាំខេត្តរតនគិរី ឱ្យដឹងថា ទីតាំងដែលរដ្ឋបាលខេត្តរតនគិរី បានរៀបចំក្នុងនោះរួមមាន៖ មន្ទីរពេទ្យបង្អែកខេត្ត, សាលមហោស្រពសម្តេចតេជោ ហ៊ុន សែន និងមន្ទីរមន្ទីរបង្អែកបរកែវ។
លោកវេជ្ជបណ្ឌិត អ៊ុង រតនា បានបញ្ជាក់ថា វ៉ាក់សាំងកូវីដ-១៩ Sinovac ចាក់ជូនពេលនេះ គឺសម្រាប់មន្ត្រីគ្រប់លំដាប់ថ្នាក់តាមមន្ទីរអង្គភាពជុំវិញខេត្ត រហូតដល់អនុប្រធានភូមិ។ រីឯប្រជាពលរដ្ឋពួកគាត់ទទួលចាក់វ៉ាក់សាំងនៅពេលបន្តបន្ទាប់ គឺនៅមណ្ឌលសុខភាពគ្រប់ស្រុកចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ Sinovac នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១តទៅ។
បើតាមលោគ្រូពេទ្យ អ៊ូ ដេត ប្រធានកម្មវិធីផ្តល់ថ្នាំបង្ការ បានឱ្យដឹងថា សម្រាប់ខេត្តរតនគិរី ទទួលវ៉ាក់សាំការពារកូវីដ១៩ Sinovac ពីក្រសួងសុខាភិបាលចំនួន ១៥,០០០ដូស ស្មើនឹងចំនួន ៧៥០០នាក់។
ក្នុងឱកាសចាក់វ៉ាក់សាំងការពារកូវីដ-១៩ Sinovac នេះដែរ តំណាងមន្ត្រីរាជការម្នាក់ក្នុងទឹកមុខសប្បាយរីករាយបានសម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងក្រសួងសុខាភិបាលដែលផ្តល់ការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដល់ពួកគាត់៕