(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន ROYAL GROUP និងលោកជំទាវ ម៉ៅ ចំណាន ព្រមទាំងក្រុមគ្រួសារ បានឧបត្ថម្ភថវិកា៥០ម៉ឺនដុល្លារ (ហាសិបម៉ឺនដុល្លារអាមេរិក) ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១នេះ កាកបាទក្រហមកម្ពុជា។
អ្នកឧកញ៉ា គិត ម៉េង ជាមហាសេដ្ឋីមួយរូបនៅកម្ពុជា ដោយកន្លងមកតែងតែចូលរួមឧបត្ថម្ភថវិកាជារៀងរាល់ឆ្នាំ ដល់កាកបាទក្រហមកម្ពុជាសម្រាប់ទិវា ៨ឧសភា។
សូមជំរាបថា កន្លងមក អ្នកឧកញ៉ា គិត ម៉េង ក៏បានចូលរួមឧបត្ថម្ភថវិកាជួយដល់រាជរដ្ឋាភិបាលយ៉ាងច្រើន ដូចជាចូលរួមបរិច្ចាគថវិកាដល់ការទិញវ៉ាក់សាំងការពារកូវីដ១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋ, ជួយចូលរួមឧបត្ថម្ភថវិកាដល់យុទ្ធនាការទប់ស្កាត់ជំងឺកូវីដ១៩, ចូលរួមឧបត្ថម្ភថវិកាទិញមន្ទីរពេទ្យនគរទេព, ជួយបរិច្ចាគដី១កន្លែង តម្លៃជាង៨លានដុល្លារ ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា, ជួយបរិច្ចាគថវិកាដល់ការសាងសង់មន្ទីរពេទ្យកាល់ម៉ែត, បរិច្ចាគថវិកាដល់ក្រុមគ្រូពេទ្យធីតា (TYDA), ជួយដល់ជនរងគ្រោះក្នុងករណីរលំបាក់អគារកម្ពស់៧ជាន់ នៅខេត្តកែប, ជួយដល់ជនរងគ្រោះក្នុងករណីរលំបាក់អគារនៅខេត្តព្រះសីហនុ, បរិច្ចាគថវិកាដល់មូលនិធិត្រីចក្រយានកម្ពុជា, ជួយថវិកាដល់សមាគមន៍ស៊ីក្លូ, ជួយប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ព្រមទាំងចូលរួមជួយជាថវិកាដល់កម្មវិធីផ្សេងៗជាច្រើនទៀត។
នៅក្នុងឱកាសខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១នេះ កាកបាទក្រហមកម្ពុជា សូមអំពាវនាវ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា សប្បុរសជន មកពីគ្រប់មជ្ឈដ្ឋានទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន មេត្តាឧបត្ថម្ភគាំទ្រដោយសទ្ធាជ្រះថ្លា ដល់កាកបាទក្រហមកម្ពុជា ដើម្បីបន្តផ្តល់សេវាកម្មមនុស្សធម៌ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ។
សប្បុរសជនមានបំណងបរិច្ចាគមកទីស្នាក់ការកណ្តាល សូមទំនាក់ទំនង ៖
១៖ លោកជំទាវ ពុំ ចន្ទីនី 012 921 105
២៖ លោកជំទាវ ម៉ែន នារីសោភ័គ 012 810 854
៣៖ ឯកឧត្តម ឌួង អេលីត 017 248 888