(ភ្នំពេញ)៖ ក្នុងក្របខណ្ឌយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទូទាំងប្រទេស ក្រសួងសុខាភិបាលសហការជាមួយ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់មន្ត្រីក្របខណ្ឌ និងមន្ត្រីជាប់កិច្ចសន្យា នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលចុះឈ្មោះចាក់វ៉ាក់សាំងតាមគោលការណ៍ ស្ម័គ្រចិត្ត ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ ។

លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា តំណាងមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា និងក្រសួង សុខាភិបាល ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាពប្រជាពលរដ្ឋ ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ នាពេលកន្លងមក និងបានកៀរគររកវ៉ាក់សំាង កចាក់ជូនពលរដ្ឋតាមគ្រប់មធ្យោបាយ។

លោក ឡេង ប៉េងឡុង បានបន្តថា វ៉ាក់សំាងនេះមានសារសំខាន់ណាស់នាពេលបច្ចុប្បន្ននេះ នៅក្នុងការការពារអាយុជីវិតពលរដ្ឋ និងការស្តារសេដ្ឋកិច្ចសង្គមជាតិ ឱ្យល្អប្រសើរវិញ នៅក្រោយការរាតត្បាតជំងឺកូវីដ-១៩ នោះ។

សូ មជម្រាបថា រាជរដ្ឋាភិបាលគ្រោងចាក់វ៉ាក់សំាងជូនពលរដ្ឋឱ្យបាន១០លាននាក់ ក្នុងចំណោមប្រជាពលរដ្ឋពលរដ្ឋទាំងអស់ ហើយនៅក្នុងយុទ្ធនាការទ្រង់ទ្រាយធំនេះ សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យក្រសួងសុខាភិបាលចាក់វ៉ាក់សំាង ជូនពលរដ្ឋឱ្យបានមួយលានដូសក្នុងរយៈពេលមួយខែ៕