(ភ្នំពេញ)៖ លោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានថ្លែងឲ្យដឹងថា ប្រមាណជា៤សប្ដាហ៍នេះ អតិថិជនជាច្រើនបានស្នើសុំការរៀបចំឥណទានឡើងវិញ បន្ទាប់ពីការផ្ទុះឡើងសារជាថ្មី នៃជំងឺកូវីដ១៩លើកទី៣ ឬព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។
ថ្លែងប្រាប់អង្គភាព Fresh News លោក កាំង តុងងី បានថ្លែងថា «ប្រហែលជាចន្លោះ៣-សប្ដាហ៍នេះ មានការលោតឡើងវិញនៃ ការស្នើសុំរៀបចំឥណទានឡើងវិញ។ មុនពេលផ្ទុះឡើងនៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ ជាទូទៅក្នុងមួយសប្ដាហ៍មានអតិថិជន ស្នើសុំប្រមាណជាមួយពាន់សំណើប៉ុណ្ណោះ ប៉ុន្ដែរយៈពេលប្រមាណជាមួយខែចុងក្រោយនេះ មានការកើនឡើងរហូត ដល់ពីរពាន់សំណើក្នុងមួយសប្ដាហ៍»។
លោកបានបន្ដថា «យើងប៉ាន់ស្មានថា ការស្នើសុំរៀបចំឥណទានឡើងវិញ នឹងលោតឡើងច្រើនជាងនេះទៀត នៅពេលខាងមុខ។ ការប៉ាន់ស្មានបែបនេះសំអាងថា កាលពីឆ្នាំ២០២០កន្លងទៅមានអតិថិជន ស្នើសុំរៀបចំឥណទានឡើងវិញ ប្រមាណ២ម៉ឺនសំណើត្រឹមតែរយៈពេលមួយសប្ដាហ៍»។
លោកបានបន្ថែមថា ការផ្ទុះឡើងនៃព្រឹត្តការណ៍២០កុម្ភៈនេះ នឹងមានការកើនឡើងបន្ថែមទៀត នៃការស្នើសុំរៀបចំឥណទានឡើងវិញ ប៉ុន្ដែមិនឡើងរហូតដល់២ម៉ឺនសំណើត្រឹមមួយសប្ដាហ៍ដូចឆ្នាំ២០២០ឡើយ។
សូមជម្រាបថា ថ្មីៗនេះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ឱ្យដំណើរការ គម្រោងធានាឥណទាន ដើម្បីស្តារអាជីវកម្ម របស់សាជីវកម្មធានាឥណទានកម្ពុជា មានទំហំ២០០លានដុល្លារ។ គម្រោងធានាឥណទាន ដើម្បីស្តារអាជីវកម្ម មានគោលដៅគាំទ្រអាជីវកម្ម ទាំងអាជីវកម្មខ្នាតមីក្រូ, ខ្នាតតូចនិងមធ្យម, និងអាជីវកម្មខ្នាតធំ ក្នុងការពង្រីកលទ្ធភាពទទួលបានហិរញ្ញប្បទាន ពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) សម្រាប់ការកៀរគរទុនបង្វិល, វិនិយោគ, និងការពង្រីកអាជីវកម្ម។
លោក កាំង តុងងី ក៏បានបញ្ជាក់ថា ទុនប្រមាណ២០០លានដុល្លារ ដែលរាជរដ្ឋាភិបាល បានដាក់ឲ្យប្រើប្រាស់ លើគម្រោងធានាឥណទាន ដើម្បីស្តារអាជីវកម្ម បានជំរុញឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បន្ថែមដល់ការផ្ដល់ឥណទាន ដល់អាជីវកម្មខ្នាតតូច និងមធ្យមនៅកម្ពុជា។ អាជីវកម្មខ្នាតតូច និងមធ្យមនេះ ចាំបាច់ក្នុងការជំរុញធ្វើយ៉ាងណាឲ្យមានសន្ទុះ និងកំណើនសេដ្ឋកិច្ច អាជីវកម្មខ្នាតតូច និងមធ្យម បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញសេដ្ឋកិច្ចក្នុងស្រុក។
លោកបន្ដថា ទុន២០០លានដុល្លារនេះ បានធ្វើឲ្យគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ មានលទ្ធភាពក្នុងការផ្ដល់កម្ចីដល់អាជីវកម្មខ្នាតតូច និងមធ្យមច្រើនជាងមុន៕