(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រួមនិងអគ្គនាយកកិច្ចការរដ្ឋបាល ដែលជាប្រធានអនុគណៈកម្មការប្រចាំក្រសួង បានទៅពិនិត្យផ្ទាល់អំពីទីតាំងនិងឧបករណ៍សម្ភារទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីត្រៀមចាក់វ៉ាក់សាំងការពារជំងឺកូវីដជូនមន្រ្តីរាជការចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១នេះ។
នៅក្នុងឱកាសនោះ លោករដ្ឋមន្រ្តីបានណែនាំ ឲ្យកែលម្អ ដែលមានបន្តិចបន្តួចដូចជា៖ ផ្ទាំងប៉ាណូ វាំងនន និងពិសេសអាហារសម្រន់ពេលចាក់វ៉ាក់សាំងឲ្យមន្រ្តីរាជការរួចនៅបន្ទប់រង់ចាំ។
គួរជម្រាបថា នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នៃក្រសួងសុខាភិបាល បានចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំង ស៉ីណូវ៉ាក់ (Sinovac) នៅទូទាំងប្រទេសជូនប្រជាពលរដ្ឋដែលស្ម័គ្រចិត្ត ហើយការចាក់វ៉ាក់សាំងនេះ នឹងធ្វើឡើងជាបន្ដបន្ទាប់គ្រប់ប្រជាពលរដ្ឋទាំងអស់។
វ៉ាក់សាំងកូវីដ១៩ ជាឧបករណ៍ថ្មីមួយបន្ថែម លើវិធានការសុខាភិបាលដែលមានស្រាប់ សម្រាប់ទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ និងសង្គ្រោះជីវិតមនុស្ស ដោយជួយបុគ្គលមិនឲ្យឈឺធ្ងន់នៅពេលឆ្លងជំងឺកូវីដ១៩ និងការកាត់បន្ថយការព្យាបាលនៅមន្ទីរពេទ្យ។
រាជរដ្ឋាភិបាលបានធ្វើការអំពាវនាវជាបន្តបន្ទាប់ដល់ប្រជាជនទូទាំងប្រទេស ឲ្យមកទទួលចាក់វ៉ាក់សាំងកូវីដ១៩ ដោយស្ម័គ្រចិត្ត ហើយបានជំរុញ និងការពន្លឿនយុទ្ធនាការចាក់វ៉ាក់សាំងធ្វើយ៉ាងណាបាន១លានដូសក្នុងខែ ជូនដល់បងប្អូនប្រជាជនក្នុងមូលដ្ឋានរាជធានី-ខេត្ត៕