(ភ្នំពេញ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១នេះ បានផ្ញើសារអបអរសាទរដល់ លោក វឿង ឌិញហ៊ុយ (Vương Đình Huệ) ដែលជាប់ឆ្នោតជាប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាពេលកន្លងទៅថ្មីៗនេះសម្រាប់នីតិកាលទី១៤។
ក្នុងសារលិខិតដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន សម្តេច ហេង សំរិន បានគូសបញ្ជាក់ថា «តាងនាមរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមរូបខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវអំណរសាទរយ៉ាងកក់ក្តៅបំផុតជូនចំពោះ ឯកឧត្ដមប្រធាន ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាពេលកន្លងទៅថ្មីៗនេះ សម្រាប់នីតិកាលទី១៤»។
សម្តេចមានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យដ៏ច្បាស់លាស់របស់ លោក វឿង ឌិញហ៊ុយ នៅក្នុងស្ថាប័ននីតិបញ្ញត្តិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ទំនាក់ទំនងមិត្តភាពយូរអង្វែង ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងស្ថាប័ននីតិប្បញ្ញត្តិ និងប្រទេសទាំងពីរ នឹងបន្តរីកចម្រើនលូតលាស់បន្ថែមទៀតនាពេលអនាគត ដើម្បីបម្រើផលប្រយោជន៍ទៅវិញទៅមក នៃប្រជាជនភូមិផងរបងជាមួយគ្នា នៃប្រទេសទាំងពីរជាមិត្ត។
ប្រធានរដ្ឋសភាកម្ពុជា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សាធារណរដ្ឋសង្គម-និយមវៀតណាម ដែលបានផ្តល់ជំនួយជាម៉ាស់មុខចំនួន ៣៩០,០០០ម៉ាស់ ដល់កម្ពុជា សម្រាប់ប្រើប្រាស់ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ដែលបាននិងកំពុងញាំញីប្រទេសជាច្រើននៅលើពិភពលោក។
សម្តេចបានជូនពរ លោកប្រធានរដ្ឋសភាវៀតណាម ឱ្យទទួលបាននូវសុខភាពល្អបរិបូណ៍ និងជោគជ័យគ្រប់ភារៈកិច្ច និងបានជូនពរដល់សាធារណរដ្ឋសង្គមនិយមវៀតណាមបន្តទទួលបានការរីកចម្រើន និងវិបុលភាពសម្រាប់ឆ្នាំខាងមុខៗទៀត៕
ខាងក្រោមនេះជាសារលិខិត សម្តេច ហេង សំរិន៖