(ត្បូងឃ្មុំ)៖ លោក ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១នេះ បានបញ្ជាឲ្យបិទការចេញចូល បណ្ដោះអាសន្នភូមិឡ ស្ថិតក្នុងឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក្រោយរកឃើញមានអ្នកឆ្លងជំងឺកូវីដ១៩ជាបន្ដបន្ទាប់។
លិខិតរបស់លោក ជាម ច័ន្ទសោភ័ណ្ឌ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា ការសម្រេចបិទភូមិមួយនេះ គឺដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ ភូមិមួយនេះត្រូវបិទបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី០២ ខែមេសានេះ រហូតមានការជូនដំណឹងថ្មី។
គួរជម្រាបថា ខេត្តត្បូងឃ្មុំ រកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន០៣ករណីថ្មីបន្ថែមទៀត លើស្ត្រីឈ្មោះ អុន ចាន់ឌី ព្រមទាំងកូនស្រីចំនួន ០២នាក់ រស់នៅភូមិឡ ឃុំកោងកាង ស្រុកពញាក្រែក ជាទីតាំងដែលអាជ្ញាធរបានបិទ។
ចំពោះប្រជាពលរដ្ឋនៅភូមិឡ ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ចំនួន៣១នាក់ ស្រី២៦នាក់ ដែលមានការពាក់ព័ន្ធប៉ះពាល់ជាមួយ អ្នកកើតជំងឺកូវីដ១៩ ទាំង៣នាក់ខាងលើ ត្រូវបានក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ យកមកធ្វើចត្ដាឡីស័កតាមចំនួនកំណត់ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ នារសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១នេះ៕