(រតនគិរី)៖ លោក ថង សាវុន អភិបាលខេត្តរតនគិរី និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ព្រមទាំងប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការ កងកម្លាំងទាំងបី និងយុវជន ស.ស.យ.ក នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១នេះ បានចុះសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋ ៥គ្រួសារ ដែលកំពុងធ្វើចត្តាឡីស័ក នៅតាមខ្នងផ្ទះ នៅស្រុកវេីនសៃ។
សំណេះសំណាលក្នុងឱកាសនោះ លោកអភិបាលខេត្ត បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ សូមមេត្តាអត់ធ្មត់ ក្នុងរយៈពេលនៃការធ្វើចត្តាឡីស័ក សូមរក្សាអនាម័យឱ្យបានខ្ជាប់ខ្ជួន និងអនុវត្តបានតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការការពាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺ «៣កុំ ៣ការពារ» ជាពិសេសលោកក៏បានជូនពរដល់ប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័កទាំងអស់សូមជួបតែសេចក្តីសុខសប្បាយ សូមកុំឱ្យមានការឆ្លងជំងឺដ៏កាចសាហាវនេះគ្រប់ៗគ្នា។
លោក ថង សាវុន បានតបន្ថែមថា ការធ្វើចត្តាឡីស័កនេះ គឺជាការបំពេញនូវកាតព្វកិច្ចមួយរបស់យើងបានត្រឹមត្រូវ ក្នុងករណីដែលយើងមានវិជ្ជមានជំងឺកូវីដ-១៩ យើងមិនបានទៅចម្លង ទៅក្រុមគ្រួសារ សាច់ញាតិ និងទៅអ្នកដទៃឡើយ ហើយការធ្វើចត្តាឡីស័កនេះ គឺយើងបានបញ្ចប់នូវការសង្ស័យរបស់យើង តើយើងបានឆ្លងជំងឺកូវីដ-១៩ ពីអ្នកដទៃដែរ ឬទេ។
ជាមួយគ្នានេះដែរ លោកអភិបាលខេត្ត ក៏បានណែនាំដល់មន្រ្ដីប្រចាំការ ត្រូវដោះស្រាយនូវរាល់សំណូមពរដែលពួកគាត់បានស្នើសុំឲ្យបានឆាប់រហ័ស ហើយនៅពេលដែលពួកគាត់មានបញ្ហាសុខភាពគួរឱ្យសង្ស័យ ត្រូវបញ្ជូនគ្រូពេទ្យជំនាញមកធ្វើការពិនិត្យនិងព្យាបាលឱ្យបានទាន់ពេលវេលាផងដែរ។
សូមបញ្ជាក់ថា អំណោយដែលបានចែកជូនដល់ប្រជាពលរដ្ឋទាំង៥ គ្រួសារនោះ គឺក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម, មី១កេស, មុង១, ភួយ១, ត្រីខ១យួរ, ម៉ាស់១ប្រអប់, ទឹកស៊ីអ៉ីវ១ដប, ទឹកសុទ្ធ១យួរ, ថ្នាំដុសធ្មេញ១ប្រអប់។ បន្ទាប់មកលោកអភិបាលខេត្តក៏បានប្រគល់ម៉ាស់១០ប្រអប់ ស្មេី៥០០ម៉ាស់, ជែល៤ដប ដល់ប៉ុស្តិ៍សុខភាពប្រចាំការនៅស្រុកវេីនសៃ ផងដែរ៕