(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួង ទំនាក់ទនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នៅថ្ងៃទី២ ខែមីនានេះ បានថ្លែងអំណរគុណ ចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្ញើសារចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រួសាររបស់ លោកស្រី ចំពោះការបាត់បង់ស្វាមី គឺនាយឧត្តមសេនីយ៍ ប៉េង ប៉ាត់ សមាជិកព្រឹទ្ធសភា ដែលទទួលមរណភាព ដោយរោគាពាធ នៅម៉ោង ១៖៣៥នាទីរំលងអាធ្រាត ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៦។
ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានផ្ញើសារថ្លែងអំណរគុណជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិតយ៉ាងដូច្នេះថា «នាងខ្ញុំ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ត្រូវជាភរិយារបស់សព ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉េង ប៉ាត់ សមាជិកព្រឹទ្ធសភា ព្រមទាំងក្រុមគ្រួសារសូមថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្ញើសារចូលរួមរំលែកទុក្ខ ដ៏ក្រៀមក្រំជាមួយគ្រួសារនាងខ្ញុំ។ ឆ្លៀតក្នុងឱកាសនេះនាងខ្ញុំ និងក្រុមគ្រួសារសូមគោរពជូនពរ ដល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ព្រមទាំងក្រុមគ្រួសារបានទទួលនូវពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕