(ពោធិ៍សាត់)៖ លោកស្រី អ៊ូ ច័ន្ទបូផា និងក្រុមគ្រួសារ ដែលជាម្ចាស់ផ្សារអ៉ីផា ស្ថិតនៅភូមិត្រពាំងជង ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ បានប្រកាសបញ្ចុះតម្លៃឈ្នួលតូប៥០ភាគរយ ចំនួន៥០តូប រយៈពេល៣ខែ ដើម្បីសម្រួលការលំបាករបស់អាជីវករលក់ដូរនៅក្នុងផ្សារ គ្រាដែលកម្ពុជាកំពុងប្រឈមជាមួយនឹងជំងឺកូវីដ១៩។
លោកស្រី អ៊ូ ច័ន្ទបូផា បានអះអាងថា ការសម្រេចបញ្ចុះតម្លៃឈ្នួលតូបរបស់ខ្លួននេះ គឺដើម្បីចូលរួមចំណែកសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋ តាមការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏ដូចជាការអំពាវនាវរបស់លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងលោក ផាយ ឡេង អភិបាលស្រុកបាកាន។
លោកស្រី អ៊ូ ច័ន្ទបូផា បានបង្ហោះខ្លឹមសារនៅលើ Facebook យ៉ាងដូច្នេះថា «នាងខ្ញុំ អ៊ូ ច័ន្ទបូផា និងក្រុមគ្រួសារ ជាម្ចាស់ផ្សារអ៉ីផា រស់នៅភូមិត្រពាំងជង ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ សូមប្រកាសថា ដោយសារបញ្ហាកូវីដ១៩ យើងខ្ញុំសម្រេចបញ្ចុះតម្លៃឈ្នួលតូប50% រយៈពេល៣ខែ (ខែ៣ ខែ៤ ខែ៥)។ ការចូលរួមនេះ ជាការជួយសម្រួលដល់ប្រជាពលរដ្ឋ ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងលោក ផាយ ឡេង អភិបាលស្រុកបាកាន។ សូមឲ្យប្រទេសកម្ពុជា រួចផុតពីជំងឺកាចសាហាវមួយនេះផង»។
គួរជម្រាបថា ក្រោយការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន យើងសង្កេតឃើញថា ម្ចាស់ផ្សារ ក៏ដូចជាម្ចាស់ផ្ទះជួល បន្ទប់ជួល នៅរាជធានីភ្នំពេញ និងបណ្ដាខេត្តមួយចំនួន បានប្រកាសពីការបញ្ចុះតម្លៃ ឬមិនយកថ្លៃឈ្នូលបណ្ដោះអាសន្ន គ្រាដែលអតិថិជនរបស់ខ្លួនកំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ច នៅពេលផ្ទុះជំងឺកូវីដ១៩។
សម្ដេចតេជោ ហ៊ុន សែន ក៏បានផ្ញើសារលិខិតថ្លែងអំណរគុណដល់ម្ចាស់ផ្ទះជួល បន្ទប់ជួល និងម្ចាស់ផ្សារទាំងអស់នោះផងដែរ៕