(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១នេះ បានចេញលិខិតផ្អាកអាជីវកម្មអាហារដ្ឋានម្លប់ស្បូង ម្ហូបខ្មែរសៀមរាប ដែលមានទីតាំងនៅផ្លូវលេខ៨២០ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ក្រោយរកឃើញបុគ្គលិកកើតជំងឺកូវីដ១៩។

លិខិតរបស់រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ម្ចាស់ទីតាំងត្រូវផ្អាកជាបណ្ដោះអាសន្នការចេញ-ចូលអាហារដ្ឋាននោះជាបន្ទាន់ ដោយមិនអនុញ្ញាតឲ្យមានភ្ញៀវថ្មីចូលទៅហូបអាហារ ហើយក៏មិនអនុញ្ញាតឲ្យមនុស្សដែលកំពុងស្នាក់នៅក្នុងទីតាំងនោះ ចេញ-ចូល ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចឡើយ។

ក្រុមការងាររដ្ឋបាលខេត្ត នឹងរៀបចំទិតាំងនេះជា មណ្ឌលចត្តាឡីស័ក ហើយក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្ត នឹងយកវត្ថុសំណាកពីអ្នករស់នៅក្នុងទីទាំងនោះទាំងអស់ ដើម្បីធ្វើតេស្ដរកជំងឺកូវីដ១៩៕