(ភ្នំពេញ)៖ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២១នេះ បានផ្ញើសារជូនពរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧០ឆ្នាំ ឈានចូល ៧១ឆ្នាំ។ នេះបើតាមលិខិតជូនពរ របស់សម្តេចចៅហ្វាវាំង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
សម្តេចចៅហ្វាវាំង គង់ សំអុល បានផ្ញើសារជូនពរ សម្ដេចតេជោ ហ៊ុន សែន ដែលមានខ្លឹមសារទាំងស្រុងថា៖
សម្តេចអគ្គមហាសេនាបតីតេជោ ជាទីគោរពដ៏ខ្ពង់ខ្ពស់! ក្នុងឱកាសដ៏នក្ខត្តឫក្សនៃខួបចម្រើនជន្មាយុ សម្ដេចអគ្គមហាសេនាបតីតេជោ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ និងក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ គ.ស.២០២១ខាងមុខនេះ ខ្ញុំបាទតាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក កម្មករ និងកងកម្លាំងនគរបាលទាំងអស់ ដែលកំពុងបម្រើការងារនៅក្នុងព្រះបរមរាជវាំង មានសេចក្តីរីករាយឥតឧបមា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណបារមី វត្ថុស័ក្តិសិទ្ធិនានាក្នុងលោក ជាពិសេសគុណបារមីទេវតាឆ្នាំថ្មី ព្រះនាម មណ្ឌាទេវី ដែលនឹងយាងមកដល់នៅពេលដ៏ខ្លីខាងមុខនេះ សូមព្រះអង្គព្រះមេត្តាប្រោះព្រំនូវទឹកអម្រឹត ប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរ ជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សូមបានប្រកបនូវសេចក្តីសុខ សេចក្តីចម្រើន គ្រប់ប្រការ ឈ្នះអស់មារសត្រូវទាំងឡាយគ្រប់ទិសទី និងសម្រេចបាននូវជោគជ័យថ្មីៗទៀត ក្នុងភារកិច្ចដ៏ឧត្តុង្គឧត្តមបម្រើជាតិ សាសនា និង ព្រះមហាក្សត្រ ដើម្បីសេចក្តីសុខ និងសេចក្តីចម្រើន រុងរឿងរបស់ប្រជាជន នៅទូទាំងព្រះរាជាណាចក្រកម្ពុជាតរៀងទៅ។
នៅក្នុងឱកាសនេះដែរ ខ្ញុំបាទសូមអនុញ្ញាតគោរពជូនពរជ័យ សិរីសួស្តី ជ័យមង្គល ជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបុត្រា-បុត្រី និងចៅប្រស-ចៅស្រី សូមបានប្រកបតែនឹងព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូម សម្តេចអគ្គមហាសេនាបតីតេជោ មេត្តាទទួលនូវគារវកិច្ចដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទ៕
ខាងក្រោមនេះ ជាលិខិតជូនពរ របស់សម្តេចចៅហ្វាវាំង៖