(ភ្នំពេញ)៖ គណៈកម្មការចំពោះកិច្ច នៃក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីក្រើនរំលឹក និងណែនាំ៣ចំណុច ដើម្បីជំរុញឱ្យយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ទូទាំងប្រទេស កាន់តែមានភាពច្បាស់លាស់ អនុវត្តដោយរលូន និងត្រឹមត្រូវ។

ក្នុងសេចក្តីក្រើនរំលឹករបស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បានគូសបញ្ជាក់ថា ក្រោយពីបានដំណើរការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ (គ.វ.ក.១៩) បានសង្កេតឃើញថា សកម្មភាពនៃយុទ្ធនាការនេះ ប្រព្រឹត្តទៅដោយរលូន និងប្រកបដោយការទទួលខុសត្រូវខ្ពស់ពីគ្រប់ក្រុមការងារដែលពាក់ព័ន្ធ នៅទូទាំងប្រទេស។

ប្រភពដដែលបានបញ្ជាក់ថា ការខិតខំដោយអស់កម្លាំងកាយចិត្តនេះ នឹងជំរុញឱ្យការអនុវត្តផែនការនៃការចាក់វ៉ាក់សាំង ជូនដល់ប្រជាពលរដ្ឋកាន់តែមានភាពល្អប្រសើរ និងស្របតាមផែនការមេចាក់វ៉ាក់សាំងកូវីដ១៩ និងអនុវត្តតាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ដើម្បីឱ្យដំណើរការនៃយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់នៅទូទាំងប្រទេស ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះ កាន់តែមានភាពច្បាស់លាស់ អនុវត្តដោយរលូន និងបានត្រឹមត្រូវថែមទៀតនោះ គ.វ.ក-១៩ ធ្វើការក្រើនរំលឹក និងណែនាំដូចជា៖

១៖ ក្រុមអាយុដែលត្រូវចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ គឺអាយុចាប់ពី១៨ ឆ្នាំឡើងទៅ និងត្រូវចាក់ពីរដូស ដោយគម្លាតពីដូសទី១ ទៅដូសទី២ មានរយៈពេល១៤ ទៅ២៨ថ្ងៃ។

២៖ ក្រុមគោលដៅដែលត្រូវចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ក្នុងយុទ្ធនាការនេះមាន៖
* ក្រុមគ្រូពេទ្យ បុគ្គលិក និងមន្រ្តីសខាភិបាលជួរមុខ
* រដ្ឋសភា ព្រឹទ្ធសភា និងក្រុមគ្រួសារដែលមានបញ្ជីឈ្មោះត្រឹមត្រូវ
* អ្នកសារព័ត៌មានដែលពុំទាន់បានចាក់ពីមុន (ដែលមានឈ្មោះត្រឹមត្រូវបានផ្ញើជូនគ.វ.ក-១៩ តាមរយៈក្រសួងព័ត៌មាន ឬទៅមន្ទីរសុខាភិបាលរាជធានី-ខេត្តរួចហើយ)
* កងកម្លាំង និងមន្រ្តីមូលដ្ឋានគ្រប់ថ្នាក់ដែលពុំទាន់បានចាក់ពីមុនតាមរាជធានី-ខេត្ត (ចាំបាច់ត្រូវមានបញ្ជីឈ្មោះរៀបចំដោយអាជ្ញាធររាជធានី-ខេត្តពាក់ព័ន្ធ)
* មន្រ្តីរាជការស៊ីវិល រួមទាំងបុគ្គលកិច្ចសន្យាទាងអស់គ្រប់ក្រសួង ស្ថាប័ន នៅថ្នាក់ជាតិ និងក្រោមជាតិ រួមទាំងសាស្រ្តាចារ្យ គ្រូបង្រៀននៅតាមគ្រឹះស្ថានបណ្តុះបណ្តាលនានាទូទាំងប្រទេស ដែលបានធ្វើសម្រង់បញ្ជីឈ្មោះដោយក្រសួងអប់រំ ដោយផ្ញើជូនគ.វ.ក-១៩ រួចហើយ
* មន្រ្តី និងបុគ្គលិកបម្រើការនៃអគ្គិសនីកម្ពុជាទូទាំងប្រទេស និងអាជ្ញាធរជាតិទាំងអស់ គណៈមេធាវី សាលាក្តីខ្មែរក្រហម លេខាធិការដ្ឋានអាកាសចរស៊ីវិល និងក្រុមហ៊ុនអាកាសចរនានា ដែលផ្ញើឈ្មោះជូនគ.វ.ក-១៩ រួចហើយ

* ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប កាណាឌីយ៉ាគ្រុប ជីបម៉ុងគ្រុប ដែលបានផ្ញើឈ្មោះជូន គ.វ.ក-១៩ រួចហើយ

* កម្មករ-កម្មការិនីនៅតាមរោងចក្រមួយចំនួន (ទៅតាមវេន) ដែលសម្របសម្រួលរៀបចំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានផ្ញើឈ្មោះជូនគ.វ.ក-១៩ រួចហើយ។

៣៖ ការរក្សារបៀបរៀបរយ និងរក្សាសុវត្ថិភាពនៅតាមទីតាំងចាក់វ៉ាក់សាំង

-ត្រូវកំណត់ចំនួនអ្នកត្រូវមកចាក់វ៉ាក់សាំងប្រចាំថ្ងៃនៅតាមទីតាំងចាក់នីមួយៗឱ្យបានច្បាស់លាស់ និងត្រឹមត្រូវតាមគោលដៅអាទិភាពដែលត្រូវចាក់ដោយកំណត់ចំនួនសមល្មមជៀសវាងមកកកកុញច្រើនដែលជាហេតុបង្កហានិភ័យនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩

-ត្រូវជៀសវាងចាក់វ៉ាក់សាំងខុសក្រុមគោលដៅយុទ្ធនាការលើកនេះ ដែលបានណែនាំដូចខាងលើ។

-ទីកន្លែងចាក់នីមួយៗ ត្រូវធ្វើរបាយការណ៍ប្រចាំថ្ងៃពីលទ្ធផលការងារនៃការចាក់វ៉ាក់សាំងជូន គ.វ.ក-១៩ ឱ្យបានមុនម៉ោង១៩៖០០នាទី ជារៀងរាល់ថ្ងៃ។

បើយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល បានបង្ហាញថា ថ្ងៃដំបូងនៃយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូវ៉ាក់ នាថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ម្សិលមិញ បានចាក់ជូនមន្ត្រីរាជការ និងជនគោលដៅនៅទូទាំងប្រទេស បានជិត ២ម៉ឺននាក់។

របាយការណ៍បានបង្ហាញ អ្នកស្ម័គ្រចិត្តមកចាក់វ៉ាក់សាំង មានចំនួន ១៩,៨៨២នាក់ ក្នុងនោះអ្នកអនុញ្ញាតឱ្យចាក់មានចំនួន ១៩,១០៥នាក់ និងអ្នកមិនអនុញ្ញាតឱ្យចាក់មានចំនួន ៦៩៦នាក់។

សូមបញ្ជាក់ថា គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះ ចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ (SINOVAC) នៅក្នុងក្របខណ្ឌទូទាំងប្រទេស លើជនគោលដៅប្រមាណ ៧៤៥,០០០នាក់។

ដើម្បីពន្លឿនការចាក់វ៉ាក់សាំងនេះ គណៈកម្មការចំពោះកិច្ច បានពង្រីកទីតាំងចាក់វ៉ាក់សាំង ដោយបានធ្វើឡើងនៅទីតាំងស្ថាប័នជាតិ និងក្រសួងស្ថាប័ននានាផ្ទាល់តែម្តង។ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ បានបញ្ជាក់ថា ទីតាំងសម្រាប់ចាក់វ៉ាក់សាំងនេះមានប្រមាណ ១០៩កន្លែង ហើយគ្រោងពង្រីកឱ្យបានរហូតដល់ទៅ ២៥០កន្លែង៕

ខាងក្រោមនេះជាសេចក្តីក្រើនរំលឹករបស់ក្រសួងសុខាភិបាល៖