(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអះអាងថា ប្រទេសកម្ពុជាធ្លាប់ជាប្រទេសដែលមានកុមារកំព្រា ច្រើនជាងគេលើពិភពលោក កាលពីជំនាន់សង្រ្គាមស៊ីវិល។
សម្តេចតេជោ ហ៊ុន សែន បានអះអាងបែបបនេះ នៅក្នុងជំនួបជាមួយលោក SIDDHARTHA KAUL ប្រធានអង្គការ SOS-KDI និងគណៈប្រតិភូអង្គការ ដែលមករួមប្រជុំគ្នានៅកម្ពុជា នាវិមានសន្តិភាព នៅរសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។
នៅលើបណ្តាញសង្គម Facebook សម្តេចតេជោ បានបញ្ជាក់ផងដែរថា កម្ពុជាគឺជាប្រទេសមួយធ្លាប់មានអត្រាកុមារកំព្រាច្រើនជាងគេ លើពិភពលោក ក្នុងជំនាន់ សង្រ្គាម។ កុមារកំព្រាទំាងនោះចែកចេញជាបីប្រភេទ គឺកុមារកំព្រាដែលស្លាប់ទំាងឳពុកនិងម្តាយ កុមាកំព្រាដែលស្លាប់តែម្តាយ និងកុមារកំព្រាដែលស្លាប់តែឳពុក។ រាជរដ្ឋាភិបាល កម្ពុជា បានបង្កើតជ្ឈមណ្ឌលកុមារជាច្រើនជួយកុមារ (កូលាប១ កូលាប២។ល។)។ ក្រៅពីទទួលបានកន្លែងស្នាក់នៅ គឺកុមារទទួលបានការថែទាំ និងសិក្សារៀនសូត្រយ៉ាងតិត ៦ឆ្នាំ រហូតដល់ពួកគេទទួលបានចំណេះវិជ្ជា ហើយបានក្លាយជាអាណាព្យាបាលមួយចំនួនទៀតផង។
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋកម្ពុជា និង សមាគមអង្គការក្រៅរដ្ឋាភិបាលទាំងអស់ ដែលទទួលយកកុមារកំព្រា យកទៅចញ្ចឹមបីបាច់ថែរក្សា និងផ្តល់ការសិក្សាអប់រំដល់ពួកគេនាសព្វថ្ងៃនេះ។ ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមសមាជិកអង្គការ SOS មានសេចក្តីរីករាយ និងមានមោទនាភាពចំពោះអង្គការ SOS ដែលបានជួយកុមារកំព្រាកម្ពុជា ឱ្យមានឱកាសដូចកុមារដទៃៗទៀត នៅក្នុងប្រទេស៕