(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្វាយសារអរព្រះគុណ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន ព្រះរាជសារប្រទានព្រះពរជ័យ ក្នុងឱកាសខួបកំណើតរបស់សម្តេចតេជោ គម្រប់ ៧០ឆ្នាំ ឈានចូល ៧១ឆ្នាំ ដែលប្រព្រឹត្តទៅនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១។ នេះបើតាមលិខិតក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅរសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២១នេះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ទូលព្រះបង្គំជាខ្ញុំ ព្រមទាំងក្រុមគ្រួសារមានសេចក្តីរំភើបសោមនស្សរីករាយឥតឧបមា ដោយសូមព្រះបរមរាជានុញ្ញាតក្រាបថ្វាយនូវសេចក្តីថ្លែងអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន ព្រះរាជសារ ចុះថ្ងៃទី២ ខែមេសា ឆ្នាំ២០២១នេះ ដែលមានខ្លឹមសារប្រទានព្រះពរជ័យ បវរមហាប្រសើរ និងផ្កាដ៏ស្រស់បំព្រងមួយផើង ក្នុងឱកាសនៃខួបកំណើតរបស់ទូលព្រះបង្គំជាខ្ញុំ»

សម្តេចតេជោបន្តថា «នាឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាលនេះ ទូលព្រះបង្គំជាខ្ញុំ ព្រមទាំងក្រុមគ្រួសារទាំងអស់ សូមព្រះបរមរាជានុញ្ញាតសម្តែងនូវស្វាមីភក្តិដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលជានិច្ចកាលព្រះអង្គតែងតែ ប្រោសព្រះរាជទាននូវព្រះព្រហ្មវិហារធម៌ដ៏ឧត្តុង្គឧត្តម ដល់ទូលព្រះបង្គំជាខ្ញុំ និងក្រុមគ្រួសារ ដែលជាព្រះរាជគុណដ៏មហាធំធេងមិនអាចរកវត្ថុអ្វីមកប្រៀបផ្ទឹមបានឡើយ»

ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ដ៏ឧត្តុង្គឧត្តម ដែលនឹងឈានមកដល់នៅពេលដ៏ខ្លីខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន សូមព្រះបរមរាជានុញ្ញាតបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី ទេវតាថែរក្សាព្រះមហាស្វេតច្ឆ័ត្រ ព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេសទេវតាឆ្នាំថ្មី ព្រះនាម មណ្ឌាទេវី សូមព្រះមេត្តាប្រសិទ្ធពរជ័យ បវរសួស្តី មហាប្រសើរថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ដ៏សុខដុមរមនា ជាមហាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្រ្តជាកូនចៅ ចៅទួត របស់ព្រះអង្គនៅទូទាំងព្រះរាជាណាចក្រកម្ពុជា
ជាយូរអង្វែងតរៀងទៅ៕

ខាងក្រោមនេះជាលិខិតក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន៖