(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១នេះ បានទូលថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណជូន សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ដែលសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះពរជ័យ ក្នុងឱកាសខួបកំណើតរបស់សម្ដេច។
សម្ដេចតេជោ ហ៊ុន សែន បានប្រសាសន៍នៅក្នុងសារលិខិតដែលទូលថ្វាយ ព្រះមហាក្សត្រីយ៉ាងដូច្នេះថា៖
«ទូលព្រះបង្គំជាខ្ញុំ មានសេចក្តីរំភើបរីករាយឥតឧបមា ដោយបានទទួលនូវព្រះរាជសារដ៏ខ្ពង់ខ្ពស់បំផុតអំពី សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចុះថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ និងផ្កាដ៏ស្រស់ល្អមួយជើង ដែលព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះពរជ័យ ក្នុងឱកាសនៃខួបកំណើតរបស់ទូលព្រះបង្គំជាខ្ញុំ។
ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាតសម្តែងនូវអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលជានិច្ចកាលព្រះអង្គតែងតែ ប្រោសព្រះរាជទាននូវព្រះព្រហ្មវិហារធម៌ដ៏ឧត្តុង្គឧត្តម ដល់ទូលព្រះបង្គំជាខ្ញុំ និងក្រុមគ្រួសារ ដែលជាព្រះរាជគុណដ៏មហាធំធេងមិនអាចរកវត្ថុអ្វីមកប្រៀបផ្ទឹមបានឡើយ។
ក្នុងឱកាស នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ដែលនឹងឈានមកដល់នៅពេលដ៏ខ្លីខាងមុខនេះ ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាតបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ កែវទាំងបី ទេវតាថែរក្សាព្រះមហាស្វេតច្ឆ័ត្រ ព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្ស
ត្រីយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេសទេវតាឆ្នាំថ្មី ព្រះនាម មណ្ឌាទេវី សូមព្រះមេត្តាប្រសិទ្ធពរជ័យ បវរសួស្តី មហាប្រសើរ ថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរដើម្បីគង់ប្រថាប់
ជាមហាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្រ្តជាកូនចៅ ចៅទួត របស់ព្រះអង្គនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ជាយូរអង្វែងតរៀងទៅ ។
សូមសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះមេត្តា ទទួលនូវអភិវន្ទនកិច្ច និងកតញ្ញូតាធម៌ដ៏ខ្ពង់ខ្ពស់បំផុត អំពីទូលព្រះបង្គំជាខ្ញុំ»។
គួរជម្រាបថា សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ បានផ្ញើព្រះរាជសារជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងឱកាសដ៏នក្ខត្តឫក្ស នៃខួបចម្រើនជន្មាយុរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១៕