(ភ្នំពេញ)៖ ក្រសួងសុខាភិបាលកម្ពុជា បានសំណូមពរដល់ប្រជាពលរដ្ឋឱ្យផ្អាកការធ្វើដំណើរកម្សាន្ត ដែលមិនចាំបាច់ អំឡុងពេលសម្រាក បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខ ដើម្បីបង្ការ និងទប់ស្កាត់ការចម្លងមេរោគកូវីដ១៩។ នេះបើតាមសេចក្តីរបស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២១។
ក្រសួងសុខាភិបាល បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សូមផ្អាកនូវរាល់ដំណើរកម្សាន្តនានា ដែលមិនចាំបាច់ ពីព្រោះវាអាចបណ្តាលឲ្យមានហានីភ័យនៃការចម្លងមេរោគ កូវីដ១៩ ជាពិសេសទៅតំបន់ ឬទីកន្លែង ដែលមានហានីភ័យខ្ពស់ នៃការឆ្លងរាលដាលជំងឺកូវីដ១៩ ដែលកំណត់ដោយក្រសួងសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ច»។
ក្រសួងបន្តថា បើចាំបាច់ត្រូវចេញក្រៅផ្ទះ សូមជ្រើសរើសការធ្វើដំណើរដាច់ដោយឡែក ជាលក្ខណៈគ្រួសារតូចៗ ដែលមិនមានការជួបជុំច្រើន ដែលមានបរិយាកាសល្អ មានខ្យល់ចេញចូលល្អគ្រប់គ្រាន់ និងធានាការធ្វើដំណើរនោះ ប្រកបដោយសុវត្ថិភាព ពីការចម្លងមេរោគកូវីដ១៩។
ក្រសួងថែមទាំងស្នេីឲ្យចៀសវាងការធ្វើដំណើរដោយមិនចាំបាច់ ឆ្លងកាត់រាជធានី-ខេត្ត ជាពិសេសទៅកាន់បណ្តាខេត្តនានា រមណីយដ្ឋាន ឬចេញ-ចូលតំបន់ ឬទីកន្លែង ដែលបាននិងកំពុងមានការផ្ទុះរាលដាលជំងឺកូវីដ១៩។ បន្ថែមលើនេះ ត្រូវចៀសវាងការធ្វើដំណើរ ប្រសិនបើមានអាការៈក្តៅខ្លួន ក្អក ឬពិបាកដកដង្ហើម ឬមានបញ្ហាសុខភាព។
សូមជម្រាបថា កម្ពុជាកំពុងជួបប្រទះករណីឆ្លងកូវីដ១៩ យ៉ាងធ្ងន់ធ្ងរមិនធ្លាប់មាន ជាព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ របាយការណ៍របស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា គិតមកដល់ម៉ោង៧ព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ អ្នកឆ្លងជំងឺកូវីដ១៩នៅកម្ពុជា មានចំនួនសរុប ២,៥៤៦នាក់ (ស្ត្រី ១,១៨៩នាក់) ក្នុងនោះព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ មានចំនួន ២,០១៧នាក់ (ស្ត្រី ១,០០០នាក់), អ្នកព្យាបាលជា មានចំនួន ១,២៥៦នាក់ (ស្ត្រី ៥២៨នាក់)។ ដោយឡែកអ្នកកំពុងសម្រាកព្យាបាលជំងឺមានចំនួន ១,២៧០នាក់ (ស្ត្រី ៦៥១)។ ក្នុងរបាយការណ៍បានបញ្ជាក់ថា អ្នកស្លាប់ដោយសារជំងឺកូវីដ១៩ មានចំនួន ១៦នាក់ ស្ត្រី ៩នាក់៕