(ភ្នំពេញ)៖ ចំណូលរបស់ក្រសួងពាណិជ្ជកម្ម នៅឆ្នាំ២០២០នេះ ទទួលបានចំនួន៥១ ៦១៩.២លានរៀល ដែលស្មើប្រមាណជាង១២.៥លានដុល្លារ ធ្លាក់ចុះប្រមាណ ៥០.៨៣ភាគរយ បើធៀបនឹងចំណូលឆ្នាំ២០១៩។

ជុំវិញនៃការថមថយចំណូលនេះ ត្រូវបានលោក ស៊ាង ថៃ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ប្រាប់មកបណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១នេះ ឲ្យដឹងថា ការថមថយនេះ ដោយសារតែក្រសួងបានដាក់ឲ្យអនុវត្តនូវប្រព័ន្ធថ្មី និងការបញ្ចុះកម្រៃ សេវាចុះបញ្ជីមួយចំនួន។

លោក ស៊ាង ថៃ បានពន្យល់បែបនេះថា ការថមថយនូវចំណូលប្រចាំឆ្នាំ២០២០ របស់ក្រសួងពាណិជ្ជកម្ម គឺដោយសារតែក្រសួង បានដាក់ឲ្យអនុវត្តនូវប្រព័ន្ធថ្មី និងការបញ្ចុះកំរ៉ៃសេវា ចុះបញ្ជីមួយចំនួន ដូចខាងក្រោម៖

ទី១៖ ការលុបចោលនូវការចេញវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ (CO) សម្រាប់ប្រទេសមិនមានតម្រូវការ៖ ច្រើនឆ្នាំកន្លងទៅ ក្រុមហ៊ុននាំចេញទាំងអស់ ត្រូវស្នើសុំ CO ពីក្រសួងពាណិជ្ជកម្ម។ ថ្មីៗនេះ ក្រសួងមិនតម្រូវឲ្យក្រុមហ៊ុននាំចេញ មកសុំ CO ទៀតទេ បើប្រទេសនាំចូលមិនតម្រូវឲ្យមាន CO នោះ (និន្នាការសកល បានលប់បំបាត់ឯកសារមិនចាំបាច់ខ្លះ)។

ទី២៖ ការអនុវត្តពេញលេញនូវការចុះបញ្ជីអ្នកនាំចេញ (Registered Exporter System-REX) របស់សហភាពអឺរ៉ុប៖ កន្លងទៅ សហភាពអឺរ៉ុបបានដាក់ចេញ ឲ្យអនុវត្តនូវកម្មវិធី REX គឺ ក្រុមហ៊ុន រោងចក្រដែលបានចុះឈ្មោះជាអ្នកនាំចេញ អាចស្វ័យប្រកាសពីដើមកំណើតទំនិញ និងនាំចេញទំនិញបាន ដោយមិនតម្រូវឱ្យសុំ CO ពីក្រសួងពាណិជ្ជកម្មឡើយ។

ទាំងពីរចំណុចនេះ ធ្វើឲ្យចំនួន CO ដែលក្រសួងចេញជូនក្រុមហ៊ុន មានការធ្លាក់ចុះ។

ទី៣៖ ការបញ្ចុះកំរ៉ៃសេវាចុះបញ្ជីពាណិជ្ជកម្មចំនួនបីប្រភេទ គឺ៖

* កម្រៃសេវាចុះបញ្ជីក្រុមហ៊ុនថ្មី (ពី ១,៦៨០,០០០ រៀល មក១,០១០,០០០រៀល)
* កម្រៃសេវាចុះបញ្ជីសហគ្រាសថ្មី (ពី ៣០០,០០០ រៀល មក១៨០,០០០រៀល)
* កម្រៃសេវាពិនិត្យនាមករណ៍ (ពី៤០,០០០ រៀល មក២៥,០០០រៀល) ។

លោក ស៊ាង ថៃ បញ្ជាក់ថា កិច្ចការទាំង៣ចំណុចខាងលើ ដែលក្រសួងពាណិជ្ជកម្ម បានអនុវត្តកន្លងទៅ គឺជាការចូលរួមអនុវត្តនូវកំណែទម្រង់មុតស្រួច របស់រាជរដ្ឋាភិបាល សំដៅសម្រួលពាណិជ្ជកម្ម ធ្វើឲ្យកាន់តែប្រសើរនូវបរិយាកាសធុរកិច្ច កាត់បន្ថយចំណាយមិនចាំបាច់ បន្ថយថ្លៃដើមផលិត ពង្រឹងភាពប្រកួតប្រជែង របស់កម្ពុជា និងជំរុញការនាំចេញ។

គូសបញ្ជាក់ថា ចំណូលដែលក្រសួងពាណិជ្ជកម្ម ប្រមូលបានចំនួន ៥១,៦១៩.២លានរៀល ដែលស្មើប្រមាណជាង១២.៥លានដុល្លារ ក្នុងនោះ រួមមាន៖

* ចំណូលទទួលបាន ពីការតម្កល់លិខិត ជូនដំណឹងនៃប្រតិបត្តិការ ដែលមានកិច្ចធានា ៣១២,៥២០,០០០រៀល
* ចំណូលទទួលបាន ពីការចុះបញ្ជីពាណិជ្ជកម្ម ១៩,៣១៦,៦១០,០០០រៀល
* ចំណូលទទួលបាន ពីការផ្តល់វិញ្ញាបនបត្រប្រភពដើមទំនិញ និងការចេញអាជ្ញាប័ណ្ណ និងសេវាពាក់ព័ន្ធ ២៣,៥៧៦,២៨៤,១២៣រៀល
* ចំណូលទទួលបាន ពីការចុះបញ្ជីម៉ាក និងសេវាពាក់ព័ន្ធ ៨,២៨២,៥៦៩,៥២៤រៀល
* ចំណូលទទួលបាន ពីសេវារបស់អគ្គនាយកដ្ឋាន ក.ប.ប ៨៨,៦៦៨,០០០រៀល
* ចំណូលទទួលបាន ពីកិច្ចការពិព័រណ៍ ចំនួន ៤២,៦៤០,០០០រៀល៕