(ភ្នំពេញ)៖ អាជ្ញាធរជាតិអប្សរា បានប្រារព្ធពិធីអបអរសាទរ «ទិវាវប្បធម៌ជាតិ ៣ មីនា» លើកទី១៨ យ៉ាងមហោឡារិក នៅពីមុខប្រា សាទអង្គរវត្ត ដែលជាបេតិកភណ្ឌពិភពលោក ដ៏ល្បីល្បាញរបស់កម្ពុជា នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៦ ក្នុងបំណងបំផុសស្មារតី ដល់កុលបុត្រ កុលធី តារបស់ខ្មែរឲ្យស្រឡាញ់នូវវប្បធម៌ជាតិ ដ៏ល្អផូរផង់របស់ខ្លួន។
 
ពិធីមានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករ ពីថ្នាក់ដឹកនាំ ស្ថាប័នពាក់ព័ន្ធ មន្ត្រីបុគ្គលិក ឆ្មាំ កម្មករ សិស្ស និស្សិត និងប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ។ «ទិវាវប្បធម៌ជាតិ» លើកទី១៨នេះ ត្រូវបានធ្វើឡើង ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»

ថ្លែងទៅកាន់អង្គពិធី លោកស្រី អ៊ុ ម៉ារ៉ាឌី អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ បានលើកបង្ហាញអំពីកិត្យានុភាព នៃដែនដី អង្គរ រួមទាំងឥទ្ធិពល នៃសិល្បៈខ្មែរនាសម័យនោះ ដែលបានដើរតួនាទីអភិវឌ្ឍន៍នយោបាយ និងវប្បធម៌នៅក្នុងតំបន់ហើយឥទ្ធិពល ទាំងនោះ បានគ្រប់ដណ្តប់ស្ទើរពេញតំបន់អាស៊ីអាគ្នេយ៍ទៀតផង។

អ្នកស្រីបន្តថា តាមរយៈគុណតម្លៃដ៏វិសេសវិសាលជាសាកល និងកិច្ចការងារអភិរក្ស អភិវឌ្ឍន៍ ប្រកបដោយចីរភាពរបស់អាជ្ញាធរជាតិ អប្សរា និង មានការចូលរួមពីបណ្តាស្ថាប័នជាតិ-អន្តរជាតិដែលពាក់ព័ន្ធទាំងអស់ផងនោះ បានធ្វើឱ្យអង្គរក្លាយជាគោលដៅទាក់ទាញ ភ្ញៀវទេសចរជាច្រើនលាននាក់ ថែមទាំងបានរួមចំណែកក្នុងការបង្កើនប្រាក់ចំណូលជូនជាតិនិងបង្កើតការងារជាច្រើនផងដែរ។

លោក លី វណ្ណា ប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និង បុរាណវិទ្យាបង្ការ បានលើកឡើងថា «កិច្ចការអភិរក្សពិត ណាស់ គឺចាំបាច់ត្រូវមានការចូលរួមពីកម្លាំងយុវជន តែក៏ត្រូវមានការណែនាំពីសំណាក់ចាស់ព្រឹទ្ធាចារ្យជំនាញ ក្នុងការផ្ទេរនូវចំណេះ ដឹងនិងបទពិសោធន៍ដែលធ្លាប់ជោគជ័យលើកិច្ចការទាំងនោះទៅកាន់ពួកគេដោយមិនអាចខ្វះបាន។ ដូច្នេះហើយ ទើបអាជ្ញាធរជាតិ អប្សរាបានយកចិត្តទុកដាក់លើការបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសយុវជនដែលជាសរសរទ្រូងដ៏សំខាន់សម្រាប់កិច្ចការអភិ រក្សក្នុងពេលអនាគត»

លោក ជ្រុន សុផល ឧបការី និងជាប្រធានក្រុមការងារសហគម ក៏បានចាប់អារម្មណ៍ពីការយកចិត្តទុកដាក់របស់អាជ្ញាធរជាតិអប្សរា  ចំពោះប្រជាសហគមន៍ ដែលរស់នៅក្នុងតំបន់ឧទ្យានអង្គរផងដែរ។ «អាជ្ញាធរជាតិអប្សរាយកចិត្តទុកដាក់លើកតម្លៃ ថែរក្សានូវមរតក របស់អ្នកស្រុកអង្គរឱ្យរស់នៅជានិរន្តន៍ ដោយហេតុថា អង្គរជារមណីយដ្ឋានរស់ ដូចនេះ សហគមន៍មនុស្សក៏ជាមរតកបេតិកភណ្ឌវប្ប ធម៌ដ៏សំខាន់ដែលត្រូវគិតគូរខ្ពស់ដូចប្រាង្គប្រាសាទអង្គរដែរ»

លោក ត័ន ប៊ុនស៊ុយ អគ្គនាយករង និងជាតំណាងដ៏ខ្ពង់ខ្ពស់អគ្គនាយកអាជ្ញាធរជាតិអប្សរា មានមតិថា ការប្រារព្ធទិវាវប្បធម៌ជាតិនេះ គឺដើម្បីសម្តែងកត្តញ្ញូតាធម៌ចំពោះដូនតាខ្មែរ ព្រមទាំងលើកទឹកចិត្តឱ្យកូនខ្មែរគ្រប់រូបនាំគ្នាការពារ ថែរក្សា និង អភិរក្សសម្បត្តិវប្បធម៌ ជាតិឱ្យបានគង់វង្សរហូតទៅ។

លោក ត័ន ប៊ុនស៊ុយ បន្តថា «ការងារអភិរក្សនិងអភិវឌ្ឍន៍វប្បធម៌ ជាការងារគ្មានទីបញ្ចប់ ដូចនេះយើងត្រូវមានផែនការគ្រប់គ្រងធន ធានមនុស្សឱ្យបានសមស្រប។ ការបណ្តុះបណ្តាល អប់រំយុវជន ជាការងារអាទិភាព ដែលកន្លងមក អាជ្ញាធរជាតិអប្សរាបានបំពេញ កិច្ចការងារទាំងនេះជាមួយស្ថាប័នអន្តរជាតិជាច្រើន ដូចជាការរៀបចំវេទិកាយុវជនបេតិកភណ្ឌពិភពលោក និងវេទិកាផ្សេងៗទៀតជា ដើម»

ការប្រារព្ធពិធីអបអរសាទរ «ទិវាវប្បធម៌ជាតិ» នាព្រឹកមិញនេះ ក្រុមសិល្បៈរបស់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តសៀមរាប ក៏បាន សម្តែងរបាំទេវប្រទានពរ និងរបាំអប្សរា ជូនថ្នាក់ដឹកនាំ និងភ្ញៀវបានទស្សនា។ ដោយឡែកនារាត្រីថ្ងៃទី០២ នេះ ក្រុមសិល្បៈនឹងបន្ត សម្តែងភាពល្ខោនស្បែកធំនៅមុខប្រាសាទអង្គរវត្តជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់បានទស្សនា៕