សាលារាជធានី គ្រោងស្នើឱ្យរាជរដ្ឋាភិបាលផ្តល់ដីតំបន់ជ្រោយចង្វារ ជាសម្បត្តិរបស់ខ្លួន ដើម្បីជួលឱ្យក្រុមហ៊ុន OCIC
02-03-2016 20:00
(ភ្នំពេញ)៖ សាលារាជធានីភ្នំពេញ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៦ បានពិភាក្សាអំពីសេចក្តីព្រាងអនុក្រឹត្យ ដើម្បីស្នើឱ្យរាជរដ្ឋាភិបាលផ្តល់ដីតំបន់ជ្រោយចង្វារ ទុកជាសម្បត្តិរបស់រាជធានីភ្នំពេញ ដើម្បីងាយស្រួលដល់ការអភិវឌ្ឍបន្ថែម។ នេះបើតាមការផ្សព្វផ្សាយនៅលើទំព័រ Facebook របស់លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានប្រាប់ Fresh News ឱ្យដឹងថា តំបន់នោះដំបូងឡើងមានទំហំជាង៣០០ហិកតា ប៉ុន្តែបន្ទាប់ពីឆ្វេលដីរួចនៅសល់ប្រមាណ២៨០ហិកតាប៉ុណ្ណោះ ហើយសាលារាជធានីភ្នំពេញ មានគម្រោងដើម្បីជួលដីតំបន់នោះ ទៅឱ្យក្រុមហ៊ុន OCIC ដើម្បីអភិវឌ្ឍ។
លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានផ្សព្វផ្សាយនៅលើទំព័រ Facebook របស់លោក នាល្ងាចថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៦ថា សាលារាជធានីភ្នំពេញ មិនទុកតំបន់ជ្រោយចង្វារនោះ ឱ្យនៅជាតំបន់អនាធិបតេយ្យនោះទេ ហើយថាការអភិវឌ្ឍខាងមុខនេះ ជាការចូលរួមក្នុងការដោះស្រាយទុក្ខលំបាក់ប្រជាពលរដ្ឋ។
លោកលើកឡើងថា «យើងត្រូវដោះស្រាយជូនប្រជាពលរដ្ឋការស្រុះស្រួល មិនត្រូវឲ្យប្រជាពលរដ្ឋមានទុក្ខលំបាកឡើយ ប៉ុន្តែការដោះស្រាយបញ្ហាម្តងទាំងអស់ក៏មិនកើតដែរ»។
«យើងមិនអាចទុកឲ្យតំបន់នោះ ទៅជាអនាធិបតេយ្យបាននោះទេ យើងត្រូវតែធ្វើការអភិវឌ្ឍជាកញ្ចប់ ដោយមានទាំងទឹក ភ្លើង ហេដ្ឋារចនាសម្ព័ន្ធ ទីផ្សារ មន្ទីរពេទ្យ សាលារៀន.....សម្រាប់ប្រជាពលរដ្ឋ រស់នៅប្រកបដោយផាសុកភាព»។ នេះបើតាមការបន្ថែមរបស់ លោកអភិបាល៕