(ភ្នំពេញ)៖ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១នេះ បានផ្ញើសារអបអរសាទរជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុ៧០ឈានចូល៧១ឆ្នាំ នៅថ្ងៃទី០៤ ខែមេសាខាងមុខនេះ។

ជាមួយនឹងសារអបអរសាទរនេះ សម្តេចក្រុមព្រះ ដែលកំពុងសម្រាកព្រះកាយព្យាបាលព្រះសុខភាពនៅក្រៅប្រទេស បានថ្លែងកោតសរសើរក្នុងការដឹកនាំស្តារ និងអភិវឌ្ឍប្រទេស ជាពិសេសក្នុងបរិបទនៃជំងឺកូវីដ១៩ ដែលសម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ខ្ពស់ ដើម្បីសុខមាលភាព នៃប្រជានុរាស្រ្តខ្មែរ។

ក្នុងសារលិខិតដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន សម្តេចក្រុមព្រះ បានបញ្ជាក់ថា៖ «ក្នុងឱកាសដ៏មាសិរីជ័យមង្គលនេះ ខ្ញុំ សូមសម្តែងនូវសេចក្តីកោតសរសើរ ចំពោះស្នាដៃដ៏មហាធំធេងរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ក្នុងកិច្ចខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី និងធនធានផ្ទាល់ខ្លួន ដើម្បីស្តារ និងអភិវឌ្ឍប្រទេសជាតិឱ្យមានស្ថិរភាព សុខសន្តិភាព មានការរីកចម្រើនលើគ្រប់វិស័យ ជូនប្រជាជាតិមាតុភូមិកម្ពុជា គួរជាទីមោទនភាពនៃជាតិយ៉ាងក្រៃលែង ជាពិសេសក្នុងបរិបទនៃជំងឺកូវីដ១៩ សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ខ្ពស់ ដើម្បីសុខមាលភាព នៃប្រជានុរាស្រ្តខ្មែរ»

សម្តេចក្រុមព្រះ ក៏បានប្រសិទ្ធសព្ទសាធុការពរ ជូន សម្តេចតេជោ ឱ្យបានសម្រេចនូវជោគជ័យធំៗថែមទៀត ក្នុងភារកិច្ចដឹកនាំអភិវឌ្ឍកម្ពុជា ឱ្យវិវត្តរុងរឿងជានិច្ចនិរន្តរ៍ និងសូមសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រាបុត្រី និងចៅៗជាទីស្រលាញ់ បានប្រកបដោយពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ខាងក្រោមនេះជាសារលិខិតសម្តេចក្រុមព្រះ៖