(ភ្នំពេញ)៖ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាអនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា បានផ្ញើសារលិខិតអបអរសាទរ និងគោរពជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាចម្រើនជន្មាយុ និងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
សារលិខិតនោះមានខ្លឹមសារថា «ក្នុងអភិលក្ខិតសម័យដ៏មហាសិរីមង្គលថ្លៃថ្លា នៃទិវាចម្រើនជន្មាយុ ដ៏ឧត្តុង្គឧត្តម ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ និងក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈាន ចូលមកដល់នាពេលឆាប់ៗខាងមុខនេះ ជាបឋមខ្ញុំបាទ និងសហការីគ្រប់រូប នៃកាកបាទក្រហមកម្ពុជា មានសេចក្តីសោមនស្សរីករាយប្រកបដោយមនោសញ្ចេតនា ដ៏ជ្រាលជ្រៅជាអនេកប្បការ សូមលំឱនកាយ គោរពជូននូវសព្ទសាធុការពរជ័យ សិរីមង្គល វិបុលសុខមហាប្រសើរ ជូន សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត សូមមានសុខភាពល្អ បរិបូរណ៍ ចម្រើនជន្មាទីឃាយុយឺនយូរ ដើម្បី សម្ដេចដឹកនាំអភិវឌ្ឍមាតុភូមិ និងប្រជាជនកម្ពុជាជាទីស្នេហានៃយើង បានសុខសន្តិភាព សម្បូរសប្បាយ ថ្កុំថ្កើង រុងរឿង ជានិច្ចនិរន្តរ៍ តរៀងទៅ»។
ក្នុងវរោកាសដ៏វិសេសវិសាលនេះ «យើងខ្ញុំគ្រប់រូបសូមថ្លែងនូវសម្ភាវកថាចំពោះ វីរៈភាពដ៏ល្អឆ្នើម ប្រកបដោយមោទកភាពរបស់ សម្ដេច គឺជាអ្នកដឹកនាំប្រទេសពោរពេញដោយទេពកោសល្យ ទាំងឆន្ទៈ មនសិការ បញ្ញាញាណ ឈ្លាសវៃ គ្រប់កាលៈទេសៈ ក្នុងការបង្រួបបង្រួមជាតិ ឯកភាពទឹកដី ស្វែងរកសន្តិភាពពេញលេញជូនជាតិមាតុភូមិ និងប្រជាជន បានមហាជោគជ័យដ៏ត្រចះត្រចង់ជាប្រវត្តិសាស្ត្រ ដោយដាក់ចេញនូវនយោបាយឈ្នះឈ្នះ ស្របតាមយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា»។
ជាពិសេស ស្ថិតក្នុងបរិការណ៍ នៃការរីករាលដាលជាសកលនៃជំងឺកូវីដ-១៩ សម្ដេចគឺជាអគ្គមគ្គទ្ទេសក៍កម្ពុជាដ៏សំខាន់បំផុតមួយរូប មិនអាចខ្វះបានក្នុងការចាត់វិធានការចាំបាច់នានា ប្រយុទ្ធប្រឆាំងនឹងមេរោគ កូវីដ-១៩ បើកចំហរបេះដូងមនុស្សធម៌ មិនរើសអើងជាតិសាសន៍ រហូតទទួលបាននូវការគាំទ្រយ៉ាងពេញទំហឹង ពីបណ្តាប្រទេសនានានៅលើពិភពលោក ជាពិសេសទទួលបានជំនួយវ៉ាក់សាំង កូវីដ-១៩ ស៊ីណូហ្វាម និងអាស្ត្រាស្សេនីកា ពីសាធារណរដ្ឋប្រជាមានិតចិន និងអង្គការសុខភាពពិភពលោក ដើម្បីគាំពារ អាយុជីវិតប្រជាជនកម្ពុជា និងជនបរទេស ដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ជាថ្មីម្តងទៀត ក្នុងឱកាសឆ្នាំថ្មីនេះ «យើងខ្ញុំទាំងអស់គ្នា សូមអញ្ជលីប្រណម្យបួងសួង ដល់តេជបារមីនៃវត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក ជាពិសេស ទេវតាឆ្នាំថ្មី ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ព្រះនាម មណ្ឌាទេវី សូមជួយអភិបាលគ្រងរក្សា ប្រោះព្រំ ប្រសិទ្ធពរ បវរមហាប្រសើរ ជូន សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបុត្រា បុត្រី បុត្រប្រសា និងចៅៗជាទីស្រឡាញ់ សូមបានប្រកបដោយ ព្រះពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបី ឃ្លៀងឃ្លាតឡើយ»។
ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃសារលិខិតជូនពររបស់ សម្តេចចៅហ្វាវាំង គង់ សំអុល ផ្ញើជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន៖