(កំពត)៖ លោក ជាវ តាយ អភិបាលខេត្ត បានណែនាំដល់មន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរក្រុងស្រុក ត្រូវបម្រើសេវារដ្ឋបាលសេវាសាធារណៈឲ្យបានល្អ និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ធានាសុវត្ថិភាព ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ឲ្យកាន់តែមានលក្ខណៈល្អប្រសើឡើងថែមទៀត។
ការណែនាំបែបនេះ ខណៈលោក ជាវ តាយ អភិបាលខេត្ត ដឹកនាំក្នុងកិច្ចប្រជុំគណៈអភិបាលខេត្តកំពត បូកសរុបពិនិត្យវឌ្ឍនភាពការងារ ប្រចាំខែមីនា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ មានការភ្ជាប់ពីបណ្ដារដ្ឋបាល ក្រុង ស្រុក និងមន្ទីរ អង្គភាពជុំវិញខេត្ត នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១នេះ នៅសាលាខេត្តកំពត។
លោក ជាវ តាយ បានបញ្ជាក់ថា រាល់កិច្ចប្រជុំគណៈអភិបាលខេត្ត ឬគណៈបញ្ជាការឯកភាពខេត្ត គឺជាការងារសំខាន់មួយ ក្នុងការឆ្លុះបញ្ចាំងអំពីសមិទ្ធផល និងលទ្ធផលការងារ អំពីបញ្ហាប្រឈម សំណូមពរ ដែលតែងតែកើតមានឡើងនៅក្នុងមូលដ្ឋាន ដើម្បីធ្វើយ៉ាងណារួមគ្នាពិនិត្យពិភាក្សា និងបន្តរកការដោះស្រាយ ឲ្យមានប្រសិទ្ធភាព ប្រសិទ្ធផល និងការអភិវឌ្ឍន៍ ប្រកបដោយនិរន្តរភាព និងចីរភាព។
លោកអភិបាលខេត្ត ក៏បានសំណូមពរ សូមឲ្យរដ្ឋបាលក្រុង ស្រុក មន្ទីរជំនាញត្រូវបន្តយកចិត្តទុកដាក់ ជំរុញចលនាអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឲ្យបានទូលំទូលាយក្នុងមូលដ្ឋាន ក្នុងការចូលរួមអនុវត្ត វិធានការណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងមហាផ្ទៃ ព្រមទាំងបទបញ្ជា និងការអំពាវនាវរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ពិសេសការអនុវត្តវិធានការ ៣ការពារ និង៣កុំ ឲ្យបានខ្ជាប់ខ្ជួនដាច់ខាត ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំង និងបង្ការទប់ស្កាត់ជំងឺកូវីដ១៩ ដែលបច្ចុប្បន្នកម្ពុជាកំពុងប្រឈមការឆ្លងជាបន្តបន្ទាប់ជំងឺកាចសាហាវនេះ។
ទន្ទឹមនឹងនោះ លោកក៏បានណែនាំដល់អាជ្ញាធរក្រុងស្រុក និងមន្ទីរអង្គភាពជុំវិញខេត្ត ក្នុងដំណើរការ នៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដោយស្ម័គ្រចិត្ត និងឥតគិតថ្លៃ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស តាមគោលការណ៍របស់រាជរដ្ឋាភិបាល និងដោយឡែក ក្នុងក្របខណ្ឌទូទាំងខេត្តកំពត ជំហានទី២នេះ អាជ្ញាធរក្រុង ស្រុក មន្ទីរអង្គភាពជំនាញ រួមសហការគ្នាធ្វើការផ្សព្វផ្សាយ និងជំរុញដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋ ដែលជាមុខព្រួញអាទិភាព សូមទៅទទួលសេវាចាក់វ៉ាក់សាំងឲ្យបានឆាប់ចប់ នៅតាមមន្ទីរពេទ្យបង្អែក ឬមណ្ឌលសុខភាពក្នុងមូលដ្ឋានដែលបានកំណត់៕