Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលខេត្តសៀមរាប នឹងជីកស្តារបឹងពារាំងសង្រ្គោះមេត្រីពូជ និងសត្វស្លាប

02-04-2021 11:45

(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បានប្រកាសជីក បូម និងស្តារកន្លែងអភិរក្សពូចត្រីបឺងពារាំង សម្រាប់ការអភិរក្សត្រីពូជ និងជាទីជម្រកសត្វស្លាបដ៏កម្ររាប់ម៉ឺនក្បាលដែលកំពុងរស់នៅក្នុងបឹងមួយនេះ។

បឹងពារាំងដែលជាកន្លែងអភិរក្សមេត្រីពូជ និងងជាទីជម្រកសម្រាប់សត្វស្លាបដ៏កម្រជាច្រើន ស្ថិតនៅសង្កាត់ជ្រាវ និងមួយផ្នែកនៃសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប។ ដោយសារធម្មជាតិ បូករួមអាកាសធាតុក្ដៅហួតហែងខ្លាំង ធ្វើឲ្យទឹកក្នុងបឹងមួយនេះប្រឈមនឹងការហួតខ្លាំង ធ្វើឲ្យបឹងឆាប់គោក រីងទឹក។ ការណ៍នេះ បង្កជាហានិភ័យដល់ពូជត្រី និងសត្វស្លាប ដែលអាចនឹងបាត់បង់នាពេលខាងមុខ។

យោងតាមសេចក្ដីជូនដំណឹងនៅថ្ងៃទី៣១ ខែមីនា រដ្ឋបាលខេត្តសៀមរាប បានប្រកាសថា នឹងរៀបចំអនុវត្តគម្រោងជីក បូម និងស្ដារបឹងពារាំង តាមផែនការដែលគ្រោងទុក និងលក្ខណៈបច្ចេកទេស។

យោងតាមលិខិត របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឱ្យ ជីក បូម ស្តារបឹងនេះកាលពីខែធ្នូ ឆ្នាំ២០២០។ ក្រសួងបានអនុញ្ញាតឲ្យ ជីក បូម ស្តារ បឹងនេះ មានជម្រៅ ៤ម៉ែត្រ តាមទម្រង់នៃបឹង ចំនួន ប្រមាណ ២,៦០៧ហិកតា ។

ប្រធានសហគមន៍ទេសចរណ៍ធម្មជាតិបឹងពារាំង លោក គង់ មង្គល ប្រាប់ Fresh News ថា ការសម្រេចនេះពិតជាមានសារសំខាន់ណាស់សម្រាប់ការងារអភិរក្ស ក៏ដូចជាសង្រ្គោះជីវៈចម្រុះក្នុងបឹងទាំងមូល។ តាំងនាមជាប្រធានសហគមន៍ លោក មង្គល ក៏ថ្លែងអំណរគុណដល់រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអភិបាលខេត្តសៀមរាប ដែលបានអនុញ្ញាត ឲ្យមានជីក បូម ស្តារ បឹងពារាំង ទៅតាមសំណើររបស់សហគមន៍នៅពេលនេះ៕