(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានសម្រក់ទឹកភ្នែកនៅពេលយុទ្ធមិត្តតស៊ូផ្តួលរំលំរបបប៉ុលពតម្នាក់ ទៀត បានទទួលមរណភាព។ នេះបើយោងតាមទំព័រ Facebook របស់សម្តេចនាយករដ្ឋមន្រ្តី ដែលបង្ហោះនៅយប់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៦នេះ ។
មិត្តរួមជំនាន់របស់សម្តេចតេជោ ហ៊ុន សែន ដែលបានឃ្លាតទៅឆ្ងាយនាពេលនេះ គឺអតីតនាយឧត្តមសេនីយ៍ ប៉ែង ប៉ាត់ សមាជិកព្រឹទ្ធ សភាមកពីគណបក្សប្រជាជនកម្ពុជា ដែលត្រូវជាស្វាមីរបស់លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋ សភា ព្រឹទ្ធសភា និង អធិការកិច្ច។
លោក ប៉េង ប៉ាត់ បានទទួលមរណភាព កាលពីវេលាម៉ោងប្រមាណ ១៖៣៥នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី០២ ខែមីនា ឆ្នាំ ២០១៦នេះ ដោយរោគាពាធក្នុងជន្មាយុ ៦៦ឆ្នាំ។ ពេលនេះសពរបស់លោកកំពុងតម្កល់ក្នុងភូមិគ្រឹះលេខ៣ ផ្លូវលេខ៤៦៦ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ (ខាងជើងក្រសួងមហាផ្ទៃ)។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «មុននេះមិនយូរប៉ុន្មាន មិត្តរួមជំនាន់របស់ខ្ញុំម្នាក់គឺ នាយឧត្តមសេនីយ៍ ញឹក ហួន បាន លាចាកលោកយើងនេះ។ ថ្ងៃនេះមិត្តរួមជំនាន់ម្នាក់ទៀត ដែលធ្លាប់រួមសុខរួមទុក្ខជាមួយគ្នាធ្វើការតស៊ូប្រឆាំងរបបប្រល័យពូជសាស ន៍ ប៉ុល ពត គឺនាយឧត្តមសេនីយ៍ ប៉េង ប៉ាត់ សមាជិកព្រឹទ្ធសភា បានលាចាកប្រពន្ឋ កូន ចៅ មិត្តភក្តិទៀតហើយ»។
សម្តេចបានបន្ថែមទៀតថា «ខ្ញុំពុំមានអ្វីក្រៅពីទឹកភ្នែកជូនដំណើរមិត្តជាទីស្រឡាញ់ និង បួងសួងសុំឱ្យវិញ្ញាណក្ខន្ធយុទ្ឋមិត្ត ប៉េង ប៉ាត់ ទៅកាន់សុគតិភពនោះឡើយ»៕