(ភ្នំពេញ)៖ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន, កម្ពុជាមានលទ្ធភាពទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ ដើម្បីចាក់ជូនមន្ត្រីរាជការ និងប្រជាពលរដ្ឋ ទោះបីជាការផ្គត់ផ្គង់វ៉ាក់សាំងនៅមានកម្រិតបំផុតទាំងក្នុងតំបន់ និងពិភពលោកក៏ដោយ។ នេះបើតាមការលើកឡើងរបស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។
តាមរយៈទំព័រ Facebook នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងយ៉ាងដូច្នេះថា៖ «ក្រោមកិច្ចខិតខំប្រឹងប្រែងដោយមិនខ្លាចនឿយហត់ និងការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា យើងមានលទ្ធភាពទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ ដើម្បីចាក់ជូនបងប្អូនជនរួមជាតិរបស់យើង ទោះបីជាការផ្គត់ផ្គង់វ៉ាក់សាំងនៅមានកម្រិតបំផុត ទាំងក្នុងតំបន់ ងពិភពលោក។ សម្តេចតេជោ ក៏បាននឹងកំពុងបន្តប្រើគ្រប់លទ្ធភាព ដើម្បីស្វែងរកវ៉ាក់សាំងបន្ថែម ក្នុងបំណង ចាក់ជូនប្រជាពលរដ្ឋឱ្យបានជាង ១០លាននាក់»។
សម្តេចតេជោ ហ៊ុន សែន តាមរយៈសារជាសំឡេង កាលពីព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ បានពន្លឿនយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ដោយជំរុញធ្វើយ៉ាងណាឱ្យបាន ១លានដូសក្នុងខែ ជូនដល់ប្រជាជនក្នុងមូលដ្ឋានរាជធានី-ខេត្ត ហើយសម្តេចក៏បានស្នើឱ្យមានការចូលរួមពីសំណាក់ក្រុមគ្រូពេទ្យ និងការសហការពី អភិបាលខេត្តនីមួយៗផងដែរ។
មកដល់ពេលនេះ កម្ពុជាមានវ៉ាក់សាំង ៣ប្រភេទហើយ រួមមាន៖ វ៉ាក់សាំង Astra Zeneca (ឥណ្ឌា) ចំនួន ៣២ម៉ឺនដូស ជាជំនួយរបស់អង្គការសុខភាពពិភពលោកតាមរយៈយន្តការកូវ៉ាក់ និងវ៉ាក់សាំង Sinovac ដែលទើបមកដល់ ១.៥លានដូស ក្នុងនោះវ៉ាក់សាំងស៉ីណូហ្វាម ដែលជាអំណោយមហាមិត្តចិន មានចំនួន ១លាន ៣សែនដូស បានមកដល់កម្ពុជា នៅដើមខែកុម្ភៈ ឆ្នាំ២០២១ ចំនួន ៦០ម៉ឺនដូស ហើយចំនួន ៧០ម៉ឺនដូសទៀត បានមកដល់នៅចុងខែមីនា ឆ្នាំ២០២១ ដើម្បីចាក់ជូនប្រជាពលរដ្ឋកម្ពុជា ដោយឥតគិតថ្លៃ។។
សម្តេចតេជោ ហ៊ុន សែន ធ្លាប់ប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា នឹងត្រៀមបម្រុងវ៉ាក់សាំងចំនួន ២០លានដូស សម្រាប់ចាក់ជូនប្រជាពលរដ្ឋ ១០លាននាក់ ដោយមិនគិតថ្លៃ។ ក្នុងចំណោមវ៉ាក់សាំងប្រឆាំងកូវីដ១៩ នៅក្នុងផែនការរបស់កម្ពុជាទាំង ២០លានដូសនេះ និងមានជំនួយ ១១លានដូស៕