(មណ្ឌលគិរី)៖ ហ្វូងដំរីព្រៃចំនួន ៣៨ក្បាល ត្រូវបានប្រជាពលរដ្ឋឃើញ និងថតបាននៅក្នុងដែនជកម្រកសត្វព្រៃកែសីមា នាំគ្នាចុះផឹក និងលេងទឹកនៅក្នុងត្រពាំងមួយ ក្បែរទីស្នាក់ការរដ្ឋបាលព្រៃឈើ ក្នុងដែននៃតំបន់អភិរក្សសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី៣១ ខែមីនា ថ្មីៗនេះ។
បើតាមលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថាន ដែនជម្រកសត្វព្រៃកែវសីមា គឺជាទីជម្រកដ៏ធំមួយរបស់សត្វដំរីព្រៃអាស៊ី និងប្រភេទសត្វកម្រផ្សេងទៀត។ បច្ចុប្បន្ន មានសត្វដំរីព្រៃចន្លោះពី៤០០ ទៅ ៦០០ក្បាល ដែលកំពុងរស់នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា ជាពិសេសនៅក្នុងតំបន់ជួរភ្នំក្រវ៉ាញ តំបន់ខ្ពង់រាបខាងជើងទន្លេសាប និងតំបន់ខ្ពង់រាបភាគខាងកើតក្នុងខេត្តមណ្ឌលគិរី (តំបន់ភាគឦសាន) ដែលជាតំបន់ជីវៈចម្រុះដ៏សំបូរបែប ប្រព័ន្ធអេកូទ្បូស៊ី និងមានទីជម្រាលអំណោយផលដល់ការរស់នៅរបស់សត្វដំរី និងសត្វព្រៃផ្សេងៗទៀត។ ចំណែកដំរីស្រុកត្រូវបានប៉ាន់ស្មានថាមានចំនួន ៧១ក្បាល។
អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ បានបញ្ជាក់ថា វត្តមានសត្វដំរីព្រៃនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ក្នុងខេត្តមណ្ឌលគិរីនេះ បានបង្ហាញឱ្យឃើញពីការការពារបានដែនជម្រកសត្វព្រៃរបស់កម្ពុជា ចំពោះជម្រករបស់សត្វដំរីព្រៃ។ ដូច្នេះ ក្រសួងបរិស្ថានសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ សូមកុំរំខានដល់សត្វដំរីព្រៃទាំងនោះ និងសូមចូលរួមការពារ និងអភិរក្សសត្វដំរីព្រៃទាំងនេះឱ្យបានគង់វង្ស។
លោក នេត្រ ភក្ត្រា បានឱ្យដឹងថា នៅក្នុងរយៈពេលជាង ១០ឆ្នាំចុងក្រោយនេះ កម្រិតនៃបទល្មើសបរបាញ់សម្លាប់សត្វដំរីព្រៃ យកភ្លុកនិងកន្ទុយ ដើម្បីប្រើប្រាស់តាមជំនឿពីបុរាណមកនៅកម្ពុជា មានការធ្លាក់ចុះយ៉ាងខ្លាំង ពោលគឺស្ទើរតែគ្មានដោយសារតែការអនុវត្តច្បាប់តឹងរឹង។ ប៉ុន្តែកត់សម្គាល់ឃើញថា ជម្លោះរវាងមនុស្ស និងសត្វដំរីព្រៃ បានកើតឡើងនៅតាមតំបន់ការពារធម្មជាតិមួយចំនួន ដោយសារតែការផ្លាស់ទីទាំងចម្ងាយឆ្ងាយនិងចម្ងាយជិតតាមរដូវកាល និងការស្វែងរកចំណី អាចរងការរំខានដោយសារតែវត្តមានរបស់មនុស្ស នៅក្នុងតំបន់ដែនជម្រករបស់ពួកវា។ លើសពីនេះ ដំរីព្រៃអាចទទួលរងការវាយតបពីសំណាក់ប្រជាជនរហូតដល់រងរបួស ឬឈានដល់ការសម្លាប់ជាការសង សឹកនឹងដំរីព្រៃដែលបានចូលមកស៊ីដំណាំរបស់ពួកគេ។
ដំរីព្រៃអាស៊ី កំពុងតែទទួលរងការគំរាម កំហែងធ្ងន់ធ្ងរនៅទូទាំងដែនជម្រករបស់វានៅលើសកលលោក ហើយត្រូវបានចាត់បញ្ចូលជាប្រភេទជិតផុតពូជនៅក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្ដរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN)។ ការរិចរិលទីជម្រក បានធ្វើឱ្យដំរីអាស៊ីរស់នៅបែកខ្ញែកពីគ្នា និងជះឥទ្ធិពលអវិជ្ជមានដល់ស្ថិរភាពយូរអង្វែងរបស់ប្រភេទដ៏សំខាន់នេះ៕