(ភ្នំពេញ)៖ អាវុធហត្ថរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១នេះ បានចូលរួមប្រជុំត្រួតពិនិត្យការអនុវត្ត តួនាទីភារកិច្ច និងវឌ្ឍនភាពការងារ កងរាជអាវុធហត្ថ ត្រីមាសទី១ និងទិសដៅការងារត្រីមាសទី២ ឆ្នាំ២០២១ តាមរយៈ Video Conference។
កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងរាអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការចូលរួមពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី-ខេត្តទាំង២៥ ផងដែរ។
សមាសភាពចូលរួមប្រជុំដោយភ្ជាប់រូបភាពតាមរយៈ Video Conference របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយមានការចូលរួមពីមេបញ្ជាការរង ជានាយសេនាធិការ មេបញ្ជាការរង ប្រធានមន្ទីរទទួលជំនាញ។
ក្នុងកិច្ចប្រជុំនេះ នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានលើកជាពិសេសនូវបញ្ហាជំងឺកូវីដ-១៩ មកពិភាក្សាវាយតម្លៃ និងផ្តាំផ្ញើដាស់តឿនក្រើនរំឮកដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថទាំងអស់ សូមប្រុងប្រយ័ត្នឱ្យបានខ្ពស់ និងចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនូវជំងឺកូវីដ-១៩ ឱ្យបានម៉ឹងម៉ាត់បំផុត៕