(សៀមរាប)៖ នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ នេះ រដ្ឋបាលខេត្តសៀមរាប ចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូវ៉ាក់ ជូនមន្ត្រីរាជការនៅក្នុងខេត្តហើយ។ ជាមួយនឹងការបើកយុទ្ធនាការនេះ លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានចុះពិនិត្យដំណើរការចាក់វ៉ាក់សាំង នៅតាមទីតាំងនានា ដែលបានរៀបចំផងដែរ។
តាមមន្ត្រីនៃរដ្ឋបាលខេត្តសៀមរាប អ្នកដែលចុះឈ្មោះដោយស្ម័គ្រចិត្តសម្រាប់ការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់របស់ចិននៅលើកនេះ មានជាង ១៦,០០០នាក់។ ដើម្បីដំណើរការការចាក់វ៉ាក់សាំងឲ្យបានរលូន រដ្ឋបាលខេត្តសៀមរាប បានរៀបចំទីតាំងចាក់វ៉ាក់សាំងទូទាំងខេត្តសរុបចំនួន២២។
តាមតារាងទីតាំង ដែលរដ្ឋបាលខេត្តសៀមរាបានរៀបចំ ក្នុងនោះរួមមាន មន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលសុខភាពចំនួន៤ក្នុងក្រុងសៀមរាប និងមណ្ឌលសុខភាពតាមបណ្ដាស្រុកសំខាន់ៗក្នុងខេត្តសៀមរាប។ល។
សូមបញ្ជាក់ថា ខេត្តសៀមរាបទទួលបានវ៉ាក់សាំងសម្រាប់ចាក់ជូនប្រជាពលរដ្ឋសរុបជាង ៤ម៉ឺនដូស ដែលអាចចាក់បានជាង ១២,០០០នាក់។ ក្នុងដំណាក់កាលដំបូងនេះ រដ្ឋបាលខេត្តបានរៀបចំចាក់វ៉ាក់សាំងជូនដល់មន្រ្តីរាជការ គ្រូបង្រៀន និងបុគ្គលិកតាមបណ្ដាមន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ថមួយចំនួនក្នុងខេត្ត។ អាជ្ញាធរប្រាប់ថា នឹងបន្តចាក់ជូនប្រជាពលរដ្ឋជាបន្តបន្ទាប់ ក្នុងដំណាក់កាលក្រោយៗទៀត៕