(ព្រះវិហារ)៖ លោក សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ នៅទី១ ខែមេសា ឆ្នាំ២០២១នេះ បានចាត់តំណាងរបស់លោកនាំយកអំពូលភ្លើងកំចាត់មេរោគ ប្រគល់ជូនដល់រដ្ឋបាលខេត្តព្រះវិហារ និងរដ្ឋបាលក្រុងស្រុកទាំង៨ ដើម្បីប្រើប្រាស់ជាផ្នែកមួយជួយការពារនូវមេរោគចម្លងផ្សេងៗ។ ពិធីប្រគល់ទទួលនេះស្ថិតក្រោមវត្តមានលោក សេង សារី និងក្រុមការងារតំណាងលោក សួស យ៉ារ៉ា និងលោកស្រី ប៉ាង រ៉ាវី អភិបាលរងខេត្តព្រះវិហារ តំណាងលោក ប្រាក់ សុវណ្ណ អភិបាលខេត្ត។

នៅក្នុងឱកាសនេះដែរលោក សេង សារី បានផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ ជូនថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំស្រុកក្រុង មន្ត្រីរាជការ តាមមន្ទីរអង្គភាព កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តព្រះវិហារ។

លោកបន្តថា ជានិច្ចជាកាលអ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រះវិហារ លោក សួស យ៉ារ៉ា តែងបានយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅក្នុងខេត្ត ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ ក៏ដូចជា យកចិត្តទុកដាក់ចំពោះសុខភាពមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋយើង តាមរយៈបង្កើតកម្មវិធីព្យាបាលជំងឺដោយមិនយកលុយ ពីសមាគមប្រឹក្សាសុខភាពប្រជាជននិងក្រុមគ្រូពេទ្យមកពីប្រទេសកូរ៉េផងដែរ។

ជាក់ស្តែងនៅថ្ងៃនេះ បើទោះបីជាអ្នកតំណាងរាស្ត្រ សួស យ៉ារ៉ា មិនបានអញ្ជើញមកដោយផ្ទាល់ក្តី ក៏លោកបានចាត់តំណាង និងក្រុមការងារ នាំអំពូលណេអុងកំចាត់មេរោគ មកប្រគល់ជូនរដ្ឋបាលខេត្តព្រះវិហារ រដ្ឋបាលក្រុង ស្រុកទាំង៨ ដើម្បីប្រើប្រាស់ក្នុងការការពារមេរោគផ្សេងៗផងដែរ។

ដោយឡែកលោកស្រី ប៉ាង រ៉ាវី ជំនួសមុខអោយលោក ប្រាក់ សុវណ្ណ ក៏បានថ្លែងនូវការអរគុណចំពោះលោក សួស យ៉ារ៉ា ដែលជានិច្ចជាកាលតែងបានយកចិត្តទុកដាក់អំពីសុខទុក្ខ និងជីវភាពរស់នៅរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋទូទាំងខេត្ត។

ជាក់ស្តែងថ្ងៃនេះ លោកបានផ្តល់អំពូលណេអុងកំចាត់មេរោគ (Ultraviolet Disinfection Lamp ) ជូនដល់រដ្ឋបាលខេត្ត ក្រុងស្រុក ទាំង០៨ សម្រាប់ប្រើប្រាស់ជាផ្នែកមួយជួយកំចាត់មេរោគ ការពារសុខភាពយើងទាំងអស់គ្នាផងដែរ៕