(ភ្នំពេញ)៖ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងយុត្តិធម៌ បានចាប់ផ្តើមដំណើរការ រចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ ក្នុងទ្រង់ទ្រាយធំ ដែលនឹងប្រព្រឹត្តទៅក្នុងរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ ដើម្បីចាក់ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ អង្គភាពចំណុះក្រសួងយុត្តិធម៌ តុលាការកំពូល សាលាឧទ្ធរណ៍ និងសាលាដំបូងរាជធានីភ្នំពេញ។

គួរជម្រាបថា នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នៃក្រសួងសុខាភិបាល បានចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំង ស៉ីណូវ៉ាក់ (Sinovac) នៅទូទាំងប្រទេសជូនប្រជាពលរដ្ឋដែលស្ម័គ្រចិត្ត ហើយការចាក់វ៉ាក់សាំងនេះ នឹងធ្វើឡើងជាបន្ដបន្ទាប់គ្រប់ប្រជាពលរដ្ឋទាំងអស់។

វ៉ាក់សាំងកូវីដ១៩ ជាឧបករណ៍ថ្មីមួយបន្ថែម លើវិធានការសុខាភិបាលដែលមានស្រាប់ សម្រាប់ទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ និងសង្គ្រោះជីវិតមនុស្ស ដោយជួយបុគ្គលមិនឲ្យឈឺធ្ងន់នៅពេលឆ្លងជំងឺកូវីដ១៩ និងការកាត់បន្ថយការព្យាបាលនៅមន្ទីរពេទ្យ។

រាជរដ្ឋាភិបាលបានធ្វើការអំពាវនាវជាបន្តបន្ទាប់ដល់ប្រជាជនទូទាំងប្រទេស ឲ្យមកទទួលចាក់វ៉ាក់សាំងកូវីដ១៩ ដោយស្ម័គ្រចិត្ត ហើយបានជំរុញ និងការពន្លឿនយុទ្ធនាការចាក់វ៉ាក់សាំងធ្វើយ៉ាងណាបាន១លានដូសក្នុងខែ ជូនដល់បងប្អូនប្រជាជនក្នុងមូលដ្ឋានរាជធានី-ខេត្ត៕