(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពីការ រកឃើញជំងឺកូវីដ១៩ លើបុរសជនជាតិខ្មែរម្នាក់ អាយុ៥២ឆ្នាំ បម្រើការងារនៅក្រុងបាវិត។

បើតាមសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន បុរសដែលកើតជំងឺកូវីដ១៩នេះ មានឈ្មោះ ហួត សុខា ស្នាក់នៅបន្ទប់ជួលមួយកន្លែង ក្នុងក្រុងបាវិត បានទៅបម្រើការងារនៅកន្លែងធ្វើការ រហូតមកដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ មានអាការមិនស្រួលខ្លួន បានឲ្យប្រពន្ធទៅទិញថ្នាំយកមកលេប តែមិនធូរស្បើយ ហើយបានធ្វើដំណើរទៅផ្ទះម្តាយ។

នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ បានជួលរថយន្តតាក់ស៊ីធ្វើដំណើរមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ដោយស្ថានភាពមិនធូរស្រាល នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានយកវត្ថុវិភាគសំណាកបុរសជនជាតិខ្មែរខាងលើ ដែលមានរោគសញ្ញាចូលក្នុងនិយមន័យសង្ស័យថា មានជំងឺកូវីដ-១៩ ដើម្បីធ្វើតេស្តនៅវិទ្យាស្ថានសុខភាពសាធារណៈជាលទ្ធផលវិជ្ជមានជំងឺកូវីដ-១៩ និងត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្វាយជ្រុំ នៅយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១។

ក្រុមការងារបានរកឃើញអ្នកប៉ះពាល់សរុបចំនួន ១១១នាក់ ស្រី ៥៣នាក់ ហើយបានយកវត្ថុវិភាគសំណាកអ្នកពាក់ព័ន្ធផ្ទាល់ចំនួន៩៧នាក់ ស្រី៤៦នាក់ ទៅធ្វើតេស្ត និងធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ។ ចំពោះទីតាំងដែលមានការពាក់ព័ន្ធជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ខាងលើ ត្រូវបានយកធ្វើជាកន្លែងចត្តាឡីស័ក រួមមាន៖

*ទីតាំងផ្ទះជួល ស្ថិតនៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត
*ទីតាំងផ្ទះឈ្មោះ អន សុវណ្ណ នៅភូមិប្រសប់លាក់ សង្កាត់បាទី ក្រុងបាវិត ម្ដាយបង្កើត ហួត សុខា

បន្ថែមពីនេះ រដ្ឋបាលខេត្តស្វាយរៀង ក៏បានអំពាវនាវដល់អ្នកដែលពាក់ព័ន្ធ ឬបានដឹងថា មានប៉ះពាល់ជាមួយបុរសខាងលើ
និងទីតាំងដែលបានបញ្ជាក់ខាងលើ គិតចាប់ពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងមកកាន់លេខទូរស័ព្ទ ០៩៧ ៥០៣ ៤៥៦៧ ឬ ០៤៤ ៧១២ ៥២២ ដើម្បីក្រុមការងារចាត់វិធានការបន្ត៕