(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប នឹងចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ១៩ ជូនមន្រ្តីរាជការ ចម្រុះស្ថាប័ក្នុងខេត្ត ចាប់ពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ តទៅ។ តាមមន្រ្តីនៃរដ្ឋបាលខេត្តសៀមរាប អ្នកដែលចុះឈ្មោះដោយស្ម័គ្រចិត្តសម្រាប់ការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់របស់ចិននៅលើកនេះ គឺសរុបជាង ១៦,០០០នាក់។ ដើម្បីដំណើរការការចាក់វ៉ាក់សាំងឲ្យបានរលូន រដ្ឋបាលខេត្តសៀមរាប បានរៀបចំទីតាំងចាក់វ៉ាក់សាំងទូទាំងខេត្តសរុបចំនួន២២។

តាមតារាងទីតាំង ដែលរដ្ឋបាលខេត្តសៀមរាបានរៀបចំ ក្នុងនោះរួមមាន មន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលសុខភាពចំនួន៤ក្នុងក្រុងសៀមរាប និងមណ្ឌលសុខភាពតាមបណ្ដាស្រុកសំខាន់ៗក្នុងខេត្តសៀមរាប។ល។

សូមបញ្ជាក់ថា ខេត្តសៀមរាបទទួលបានវ៉ាក់សាំងសម្រាប់ចាក់ជូនប្រជាពលរដ្ឋសរុបជាង៤ម៉ឺនដូស ដែលអាចចាក់បានជាង ១២,០០០នាក់។ ក្នុងដំណាក់កាលដំបូងនេះ រដ្ឋបាលខេត្តបានរៀបចំចាក់វ៉ាក់សាំងជូនដល់មន្រ្តីរាជការ គ្រូបង្រៀន និងបុគ្គលិកតាមបណ្ដាមន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ថមួយចំនួនក្នុងខេត្ត។ អាជ្ញាធរប្រាប់ថា នឹងបន្តចាក់ជូនប្រជាពលរដ្ឋជាបន្តបន្ទាប់ ក្នុងដំណាក់កាលក្រោយៗទៀត៕