(ភ្នំពេញ)៖ បន្ទាប់ពីអនុម័តលើ «ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ២០២១-២០៣៥» រួចមក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់បញ្ជាក់បន្ថែមថា ក្រៅពីការទស្សនាតំបន់បេតិកភណ្ឌអង្គរ ខេត្តសៀមរាបនៅមានតំបន់ទេសចរណ៍អាទិភាពចំនួន ៦ ទៀត ដែលក្រសួង-ស្ថាប័នពាក់ព័ន្ធត្រូវរួមគ្នាអភិវឌ្ឍន៍ និងគ្រប់គ្រងឱ្យបានច្បាស់លាស់ ដោយហេតុថា វិស័យទេសចរណ៍មានលក្ខណៈអន្តរវិស័យ។
នេះជាការបញ្ជាក់នៅក្នុងសារលិខិតរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី បន្ទាប់ពីសម្ដេចបានអនុម័តរួចរាល់លើផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ២០២១-២០៣៥ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១។
នៅក្នុងសារលិខិតនោះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្រៅពីប្រាសាទអង្គរវត្តដ៏ល្បីល្បាញ និងប្រាសាទបុរាណដទៃទៀតជាច្រើនដែលលាតសន្ធឹងលើផ្ទៃដី ៤០១ គីឡូម៉ែត្រការ៉េ ទឹកដីខេត្តសៀមរាបក៏មានសម្បត្តិធនធានដ៏វិសេសវិសាលជាច្រើនទៀត ពិសេសគឺតំបន់ទេសចរណ៍អាទិភាពទាំង ៦ រួមមាន «តំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» តំបន់ជុំវិញតំបន់ការពារប្រាសាទបន្ទាយស្រី តំបន់បេតិកភណ្ឌអង្គរ តំបន់ក្រុងសៀមរាប តំបន់បឹងទន្លេសាប តំបន់ទេសចរណ៍សៀមរាបថ្មី»។
ទន្ទឹមនេះ ក្រុងសៀមរាបក៏បាននិងកំពុងប្រែក្លាយរូបរាងជាទីក្រុងបេតិកភណ្ឌទំនើប ជាមួយនឹងកំណើននៃមូលដ្ឋានអាជីវកម្មដែលបម្រើឱ្យវិស័យទេសចរណ៍ ដូចជា សណ្ឋាគារ ភោជនីយដ្ឋាន ហាងលក់ទំនិញ។ល។ ចំណែកឯតំបន់ជុំវិញក៏មានបង្កប់ទៅដោយប្រពៃណីទំនៀមទម្លាប់ ដែលនៅបន្តប្រកាន់ខ្ជាប់នូវក្នុងការរស់នៅប្រចាំថ្ងៃ ភ្ជាប់ជាមួយស្នាមញញឹមដ៏កក់ក្តៅរបស់ប្រជាពលរដ្ឋខ្មែរ។
ដើម្បីអាចដើរតាមទស្សនវិស័យនៃការអភិវឌ្ឍប្រកបដោយចីរភាពបាន ផែនការមេត្រូវកំណត់វិសាលភាពរួម គឺរួមបញ្ចូលទាំងទេសចរណ៍វប្បធម៌ និងទេសចរណ៍ធម្មជាតិ ខណៈដែលបច្ចុប្បន្នការទស្សនាប្រាសាទអង្គរ គឺជាមូលហេតុចម្បងតែមួយរបស់ភ្ញៀវទេសចរដែលមកកាន់ខេត្តសៀមរាប។ ផែនការមេនេះ ត្រូវធ្វើការសិក្សា និងកំណត់ឱ្យបាននូវយុទ្ធសាស្ត្រ ដើម្បីបង្កើនភាពទាក់ទាញនៃតំបន់សៀមរាបទាំងមូល ព្រមទាំងតំបន់ជុំវិញ ដែលមានលើសពីការទស្សនាប្រាសាទ ដោយត្រូវផ្សារភ្ជាប់ជាមួយសកម្មភាពកម្សាន្តដ៏សម្បូរបែប។
ក្នុងន័យនេះ ខេត្តសៀមរាបត្រូវពង្រឹងលក្ខណសម្បត្តិរបស់ខ្លួនសម្រាប់ចាប់យកកាលានុវត្តភាព ដែលមានលើទីផ្សារអន្តរជាតិ និងត្រៀមខ្លួនឱ្យបានរួចរាល់ចំពោះបញ្ហាប្រឈមថ្មីៗ ដូចជានិន្នាការនៃការថយចុះនៃកំណើនសេដ្ឋកិច្ចពិភពលោក សង្គ្រាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាចពិភពលោក និងឥទ្ធិពលនៃវិបត្តិជំងឺកូវីដ១៩។
ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ២០២១-២០៣៥ ត្រូវគោរពតាមគោលការណ៍អភិរក្ស និងប្រើប្រាស់គុណសម្បត្តិវប្បធម៌ និងធម្មជាតិទាំងនេះឱ្យបានជាអតិបរមា តាមរយៈការពង្រីកបន្ថែមនូវសកម្មភាព និងព្រឹត្តិការណ៍កម្សាន្តនានា ដើម្បីបង្កើនភាពពេញចិត្ត ភាពទាក់ទាញដល់ភ្ញៀវទេសចរ ឈានទៅបង្កើនរយៈពេលស្នាក់នៅ ក៏ដូចជាបង្កើនការចំណាយរបស់ភ្ញៀវទេសចរ និងចាប់យកតម្លៃបន្ថែមពីវិស័យទេសចរណ៍ខ្ពស់ជាងមុន ដើម្បីបានជាប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប និងប្រទេសកម្ពុជា។
ប្រមុខរាជរដ្ឋាភិបាល បានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមជាមួយសកម្មភាពអភិវឌ្ឍន៍ទេសចរណ៍ និងត្រូវមានយន្តការគ្រប់គ្រងច្បាស់លាស់ ក្រោមទម្រង់នៃអង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍រៀងៗខ្លួន អមជាមួយការគាំទ្រវិនិយោគសាធារណៈ និងឯកជន ព្រមទាំងផ្គត់ផ្គង់ហេដ្ឋារចនាសម្ពន្ធ និងការសម្របសម្រួលចាំបាច់នានាដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដោយហេតុថា វិស័យទេសចរណ៍មានលក្ខណៈអន្តរវិស័យ។
សម្ដេចតេជោ ហ៊ុន សែន បានស្នើគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវផ្តល់អាទិភាពដល់ការដាក់ឱ្យអនុវត្តជាក់ស្តែង នូវផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបនេះ ដើម្បីរួមចំណែកក្នុងការលើកកម្ពស់វិស័យទេសចរណ៍ជាមាសបៃតងយ៉ាងពិតប្រាកដ និងជាវិស័យដែលចូលរួមដល់ការសម្រេចនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ឆ្នាំ២០៣០៕