(សៀមរាប)៖ នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០១៦នេះ អាជ្ញាធរជាតិអប្សរា បានរៀបចំទិវាវប្បធម៌ជាតិលើកទី១៨ ឆ្នាំ២០១៦ នៅខាងមុខប្រាង្គប្រាសាទអង្គរវត្ត ដែលជាសម្បត្តិវប្បធម៌មនុស្សជាតិមិនជាចកាត់ថ្លៃបានរបស់មនុស្សជាតិ។
ទិវានេះមានការចូលរួមពីព្រះសង្ឃ, ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក អាជ្ញាធរអប្សរា, ប្រតិបត្តិករទេសចរ, សិស្សានុសិស្ស, យុវជនកាយរិទ្ធិ, យុវជនកាកបាទក្រហមកម្ពុជា, កងកម្លាំងប្រដាប់អាវុធ, អាជ្ញាធរដែនដី, មន្ត្រីពីមន្ទីរ/អង្គភាពជុំវិញខេត្ត, និងភ្ញៀវជាតិ អន្តរជាតិប្រមាណជាពីររយនាក់។ គណៈអធិបតី និងវគ្មិនសម្រាប់ទិវានេះ បានលើកឡើងថា ការរួមចំណែកក្នុងការការពារវប្បធម៌ជាតិរបស់យើងទាំង វប្បធម៌រូបី និងអរូបី។ ក្នុងនោះក៏មានតំបន់រមណីយដ្ឋានអង្គរដែលយើងត្រូវរួមគ្នា ថែរក្សាប្រាង្គប្រាសាទបុរាណខ្មែរ សម្រាប់មនុស្សជំនាន់ក្រោយតាមរយៈការអភិរក្សា និងអភិវឌ្ឍន៍ប្រកបដោយចីរភាពផងដែរ។ ជាការពិតព្រោះការថែរក្សាវប្បធម៌ និងអត្តសញ្ញាណជាតិជាតួនាទីរបស់ខ្មែរយើងទាំងអស់គ្នា ដូច្នេះគប្បីប្រជាជនខ្មែរយើងទាំងអស់គ្នា ពិសេសស្រទាប់យុវជន ត្រិះរិះពិចារណាជ្រើសរើស យកតែចំណុចដែលល្អពីក្នុងវប្បធម៌បរទេស ដើម្បីអភិវឌ្ឍខ្លួនឯង និងអភិវឌ្ឍប្រទេស និងរក្សាឲ្យបាននូវវប្បធម៌ដ៏ល្អផូរផង់ ដែលដូនតាខ្មែរយើងបានបន្សល់ទុក។
ពួកគាត់បានបញ្ជាក់ថា អាជ្ញាធរជាតិអប្សរាផ្ទាល់ និងគ្រប់មន្ទីរ/ក្រសួង អង្គភាព ស្ថាប័នជាតិ អន្តរជាតិ និងរាល់អ្នកពាក់ព័ន្ធទាំងអស់ បានមានការយល់ដឹងពីគុណតម្លៃដ៏ វិសេសវិសាលជាសាកលរបស់ខ្មែរ ពិសេសរាល់ប្រាង្គប្រាសាទ បុរាណនានារបស់ខ្មែរយើងទាំងនៅក្នុងតំបន់រមណីយដ្ឋានអង្គរ និងនៅតាមបណ្ដាខេត្តមួយចំនួនទៀត។ យើងបានរួមគ្នាខិតខំបំពេញកិច្ចការអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពរ។ សម្រាប់តំបន់មណីដ្ឋានអង្គរ បាននិងកំពុងមានការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនលាននាក់ និងបានរួមចំណែកក្នុងការបង្កើតចំណូលថវិការជាតិ ក៏ដូចជាការបង្កើតការងារជាច្រើន។ ពួកគាត់បានបន្ថែមថា ជាក់ស្ដែងក្នុងឆ្នាំ២០១៥កន្លងទៅនេះ មានភ្ញៀវទេសចរបរទេសបានទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ បានជាង ២.១លាននាក់ មានការកើនឡើងជាង ២ភាគរយ បើធៀបនឹងឆ្នាំ២០១៤។
ភ្ញៀវទេសចរទាំងនោះ រមែងតែងតែចង់ស្វែងយល់ពីសម្បត្តិវប្បធម៌រូបី និងអរូបី ប្រពៃណីទំនៀមទម្លាប់ ជំនឿ សាសនា ភាសា អត្តចរិក របៀបរស់នៅ ចំណីអាហារ និងសម្លៀកបំពាក់របស់ខ្មែរជាដើម។ ដូច្នេះជាការសំខាន់ដែលយើងទាំងអស់គ្នា ពិសេសយុវជនជំនាន់ថ្មី ត្រូវខិតខំរក្សា វប្បធម៌ និងអត្តសញ្ញាណជាតិរបស់យើង ពីព្រោះការមកដល់របស់ភ្ញៀវទេសចរ ធ្វើឲ្យវប្បធម៌របស់យើងងាយនឹងទទួលរងនូវផលប៉ះពាល់ពីឥទ្ធិពលនៃសកលភាវូបនីយកម្មផងដែរ៕