(ភ្នំពេញ)៖ រយៈពេលជាងមួយឆ្នាំមកហើយដែលមនុស្សជាតិនៅលើពិភពលោក បានរងនូវការយាយី ធ្វើទុក្ខបុកម្នេញពីជំងឺកូវីដ១៩។ ក្តីសប្បាយរីករាយ ភាពក្អាកក្អាយបានរលាយបាត់ ជំនួសមកវិញដោយក្តីលំបាកវេទនា និងភាពសោកសៅ។

មនុស្សជាតិលើពិភពលោកជិត ១៣០លាននាក់ហើយបានឆ្លងជំងឺកូវីដ១៩ ខណៈជិត ៣លាននាក់បានស្លាប់បាត់បង់ជីវិត។ នៅកម្ពុជា មនុស្សជាង ២ពាន់នាក់បានរកឃើញថា កើតជំងឺកូវីដ១៩ ហើយ ២០នាក់ បានស្លាប់បាត់បង់ជីវិត (១៦នាក់ស្លាប់ដោយអាការរោគកូវីដ១៩ និង៤នាក់ ស្លាប់ដោយអាការៈជំងឺផ្សេង)។

ក្នុងរយៈពេលជាងមួយឆ្នាំមកនេះ អ្នកវេជ្ជសាស្ត្រលើពិភពលោកបានប្រឹងប្រែងរកវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ខណៈមេដឹកនាំប្រទេសនីមួយៗ បានប្រឹងប្រែងដាក់ចេញវិធានការផ្សេងៗគ្នា ដើម្បីទប់ស្កាត់ការរីករាតត្បាតជំងឺកូវីដ១៩ ក្នុងស្ថានភាពដ៏លំបាកជាទីបំផុត។ មកដល់ពេលនេះ គ្រប់ប្រទេសលើពិភពលោក បានដាក់ក្តីរំពឹងខ្ពស់បំផុតទៅលើវ៉ាក់សាំងជំងឺកូវីដ១៩ ក្នុងការធ្វើឱ្យប្រសើរឡើងវិញនូវសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងការធ្វើឱ្យប្រសើរឡើងវិញនូវដំណើរការសង្គម និងសេដ្ឋកិច្ច។

ប្រទេសជាច្រើនបានប្រជែងគ្នាទិញវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋរបស់ពួកគេ។ ប្រទេសអ្នកមានខ្លះបានទិញវ៉ាក់សាំងយកទៅស្តុកទុក រហូតមានការទទូច និងអំពាវនាវពីមន្ត្រីជំនាញអង្គការសុខភាពពិភពលោក និងអង្គការមនុស្សធម៌នានា ឱ្យពួកគេចែករំលែកវ៉ាក់សាំងដោយសមធម៌ទៅកាន់ប្រទេសក្រីក្រ ប្រទេសគ្មានលទ្ធភាពទិញវ៉ាក់សាំង។

រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក៏មិនខុសពីបណ្តាប្រទេសដទៃនៅលើពិភពលោកដែរ បានប្រឹងប្រែងជម្នះការលំបាកបណ្តាលមកពីជំងឺកូវីដ១៩ យ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុត។ ក្រៅតែពីការដោះស្រាយផលប៉ះពាល់លើសេដ្ឋកិច្ចជាតិ និងការរស់នៅរបស់ប្រជាពលរដ្ឋហើយនោះ ការស្វះស្វែងរកវ៉ាក់សាំងកូវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋ ក៏ជាកិច្ចប្រឹងប្រែងដ៏ស្វិតស្វាញរបស់រាជរដ្ឋាភិបាលផងដែរ។

តាមរយៈការដាក់ចេញផែនការ ការគិតគូរទុកជាមុនដ៏ច្បាស់លាស់ និងការទំនាក់ទំនងល្អជាមួយប្រទេសជាមិត្ត ជាពិសេសមិត្តដែករបស់ខ្លួន គឺមហាអំណាចិននោះ បានធ្វើឱ្យកម្ពុជាទទួលបានវ៉ាក់សាំងកូវីដ១៩ ជាបន្តបន្ទាប់មកចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន។ កម្ពុជា ត្រូវបានគេមើលឃើញថា ជាប្រទេសដែលទទួលបានវ៉ាក់សាំងមួយក្នុងល្បឿនលឿន ហើយរៀបចំផែនការចាក់ជូនប្រជាពលរដ្ឋបានល្អប្រសើរ និងឆាប់រហ័សផងដែរ។

គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ កម្ពុជា ទទួលបានវ៉ាក់សាំងជាង ៣លានដូសហើយ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ ក្នុងនោះ ១.៣លានដូស ជាជំនួយដ៏ថ្លៃថ្លារបស់រដ្ឋាភិបាលចិន ផ្តល់ជូនរាជរដ្ឋាភិបាលកម្ពុជា, ១.៥លានដូស ជាវ៉ាក់សាំង ដែលកម្ពុជាទិញពីក្រុមហ៊ុនស៊ីណូវ៉ាក់ របស់ចិន ក្នុងតម្លៃ ១៥លានដុល្លារ, និង ៣២៤,០០០ដូស ជាជំនួយរបស់ខូវ៉ាក់ តាមរយៈអង្គការសុខភាពពិភពលោក។

តាមរយៈវត្តមានវ៉ាក់សាំងទាំងនេះ កម្ពុជាបានចាក់ជូនប្រជាពលរដ្ឋបានជិត ៤០ម៉ឺននាក់ហើយទាំងកម្លាំងប្រដាប់អាវុធ និងជនស៊ីវិល។ បន្ទាប់ពីទទួលបានវ៉ាក់សាំងជាបន្តបន្ទាប់នេះ សម្តេចតេជោ ហ៊ុន សែន បានរៀបចំផែនការពន្លឿនការចាក់វ៉ាក់សាំង ដោយបានបង្កើតគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ និងប្រកាសផែនការចាក់ឱ្យបាន ១លានដូសក្នុងមួយខែ។

នៅថ្ងៃទី០១ ខែមេសា យុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ដែលកម្ពុជាទិញពីប្រទេសចិន ក៏បានចាប់ផ្តើមដំណើរការ ដោយគ្រោងចាក់លើជនគោលដៅជាង ៧៤ម៉ឺននាក់។ ការចាក់វ៉ាក់សាំង ត្រូវបានធ្វើឡើងនៅទីតាំងរហូតដល់ទៅប្រមាណ ១០៩ទីតាំងនៅទូទាំងប្រទេស។

បើទោះបីជាការដាក់ចេញផែនការបានល្អិតល្អន់ និងច្បាស់លាស់យ៉ាងណាក៏ដោយ តែផែនការចាក់វ៉ាក់សាំង នឹងមិនអាចទទួលបានជោគជ័យនោះឡើយប្រសិនបើប្រជាពលរដ្ឋទាំងអស់មិនចូលរួម និងមិនទៅចាក់វ៉ាក់សាំងទេនោះ ព្រោះគោលការណ៍ទទួលវ៉ាក់សាំងនៅតែឈរលើការស្ម័គ្រចិត្ត។

ប្រជាពលរដ្ឋមួយចំនួនបានរារែកលើការទៅចាក់វ៉ាក់សាំង ព្រោះតែការបាត់បង់ទំនុកចិត្ត និងដោយសារការផ្សព្វផ្សាយញុះញង់បំផុសបំផុតពីក្រុមជនមួយចំនួន ដែលរត់ចោលស្រុក ហើយត្រូវគេចាត់ទុកជាវិញ្ញាណបិសាចលងបន្លាចជាតិកម្ពុជានោះ។ ក្រុមជនមានវិញ្ញាណបិសាចទាំងអស់នេះ បានប្រឹងប្រែងផ្សព្វផ្សាយព័ត៌មានអកុសលនានាថា វ៉ាក់សាំងរបស់ចិន មានបញ្ហាសម្រាប់សុខភាព និងព្យាយាមរារាំងមិនឱ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងជាដើម។

តើវ៉ាក់សាំងមានគ្រោះថ្នាក់ដូចក្រុមវិញ្ញាណបិសាចញុះញង់មែនឬយ៉ាងណា? ព័ត៌មានចេញផ្សាយដោយបណ្តាញផ្សព្វផ្សាយអន្តរជាតិ បានបញ្ជាក់ថា វ៉ាក់សាំងទាំងពីររបស់ចិន គឺស៊ីណូហ្វាម និងស៊ីណូវ៉ាក់ បានចែកចាយទៅកាន់ប្រទេសប្រមាណ ៨០ប្រទេសហើយលើពិភពលោក ហើយប្រជាពលរដ្ឋចិនខ្លួនឯងប្រមាណជា ១០៦លាននាក់ហើយ បានចាក់វ៉ាក់សាំងទាំងពីរនេះ។

បន្ថែមពីលើនេះ អ្នកជំនាញអង្គការសុខភាពពិភពលោកនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ក៏បានចេញមកបញ្ជាក់ និងអះអាងដែរថា វ៉ាក់សាំងទាំងពីររបស់ចិន មានសុវត្ថិភាព និងប្រសិទ្ធភាពសម្រាប់ការប្រើប្រាស់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

អ្វីដែលកាន់តែច្បាស់ទៀតនោះ វ៉ាក់សាំងស៊ីណូហ្វាមរបស់ចិន បានចាក់ជូនពលរដ្ឋកម្ពុជាជាច្រើនម៉ឺននាក់រួចហើយ ហើយពួកគេក៏មិនមានបញ្ហា ឬការបង្កទុក្ខទោសណាមួយទៅលើសុខភាពនោះដែរ។

ដូច្នេះតាមរយៈព័ត៌មានទាំងនេះ បងប្អូនប្រជាពលរដ្ឋខ្មែរអាចធ្វើការពិចារណា និងថ្លឹងថ្លែងក្នុងការទទួលវ៉ាក់សាំងរបស់ចិន។ តើយើងគួរទុកឱ្យបញ្ហាសុខភាពរបស់យើង សុខភាពគ្រួសារយើង ជីវិតរបស់យើង ជីវិតគ្រួសាររបស់យើង ត្រូវអារកាត់ ត្រូវកំណត់ដោយក្រុមមានវិញ្ញាណបិសាចក្រៅប្រទេសឬយ៉ាងណា?

ពេលនេះរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានប្រឹងប្រែងអស់ហើយ ដើម្បីការពារអាយុជីវិតយើង និងក្រុមគ្រួសាររបស់យើង តាមរយៈការស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូន។ ដូច្នេះលទ្ធផល និងជោគវាសនា នៃសុខភាព និងអាយុជីវិតរបស់យើង ក៏ដូចជាក្រុមគ្រួសារយើង ក្នុងការគេចចេញពីគ្រោះកាចជំងឺកូវីដ១៩ គឺស្ថិតលើពួកយើងគ្រប់គ្នានេះហើយ តើត្រូវអល់ឯកក្នុងការទៅចាក់វ៉ាក់សាំង ឬត្រូវរួមគ្នាទៅចាក់វ៉ាក់សាំង តាមការកំណត់ និងតាមផែនការរបស់រាជរដ្ឋាភិបាល ក៏ដូចជាគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩?

វ៉ាក់សាំងកូវីដ១៩ ជាឧបករណ៍ថ្មីមួយបន្ថែមទៀតលើវិធានការសុខាភិបាលដែលមានស្រាប់ សម្រាប់ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ និងសង្គ្រោះជីវិតមនុស្ស ដោយជួយបុគ្គលមិនឱ្យឈឺធ្ងន់នៅពេលឆ្លងជំងឺកូវីដ១៩ និងកាត់បន្ថយការព្យាបាលនៅមន្ទីរពេទ្យ។

ដូច្នេះដើម្បីចូលរួមប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩ ឱ្យទទួលបានជោគជ័យ ដើម្បីធ្វើឱ្យសុខុមាលភាពយើង សុខុមាលភាពគ្រួសារ សុខុមាលភាពសង្គមជាតិរបស់យើង មានភាពល្អប្រសើរ និងវិលប្រក្រតីឡើងវិញ យើងត្រូវតែទៅទទួលវ៉ាក់សាំងកូវីដ១៩។ សូមទៅចាក់វ៉ាក់សាំង ដើម្បីប្រឆាំងជំងឺកូវីដ១៩ និងបញ្ចប់ភាពសោកសៅសម្រាប់គ្រួសារយើង និងសង្គមយើង ព្រោះរោគចង្រៃកូវីដ១៩៕